សមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦

សមាគមឧកញ៉ាកម្ពុជា

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម​ឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ទុយ គី សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ច​ប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង​រៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារ​ភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦។ ពិធីបើក​ជាផ្លូវការ គ្រោងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ក្នុងកិច្ចប្រជុំ ភាគីពាក់ព័ន្ធបានពិភាក្សា និងតម្រង់ទិសលើការងាររៀបចំសំខាន់ៗ ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រព្រឹត្ត​ទៅ​ប្រកបដោយប្រសិទ្ធភាព សណ្តាប់ធ្នាប់ និងភាពទាក់ទាញ។ កិច្ចពិភាក្សាបានផ្តោតជាពិសេសលើការរៀបចំ និងគ្រប់គ្រងពិព័រណ៍ ការតាំងបង្ហាញ និងលក់ផលិតផល និងទំនិញប្រភេទផ្សេងៗ ព្រមទាំងវិធានការចាំបាច់នានា ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្កើនទំនុកចិត្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាសមាជិកនៃគណៈកម្មការអន្តរក្រសួង​រៀបចំព្រឹត្តិការណ៍​បុណ្យសមុទ្រ បានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ និងការលើកកម្ពស់សក្តានុពលតំបន់ឆ្នេរសមុទ្រកម្ពុជា។

ទន្ទឹមនឹងនេះ សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមជំរុញការតភ្ជាប់រវាងវិស័យទេសចរណ៍ ធុរកិច្ច និងការវិនិយោគ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងដៃគូធុរកិច្ច ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្ស​ធនធានសមុទ្រ ការអភិវឌ្ឍសេដ្ឋកិច្ចខៀវ និងជីវចម្រុះតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព។