ក្រសួងសាធារណការ និងធនាគារ AIIB រួមគ្នាជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយធនាគារ AIIB ដើម្បីកិច្ចប្រជុំពិភាក្សារៀបចំគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅកម្ពុជា (3CEP) សំដៅសម្រួលការដឹកជញ្ជូនឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយលោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង ដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ដំណាក់កាលរៀបចំគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននៅកម្ពុជា (Cambodia Cross-border Connectivity Enhancement Project – 3CEP) ជាមួយ លោក Tomás Herrero និង លោក Corey Wong អ្នកជំនាញការតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នាយករងគម្រោង សមាជិក​ សមាជិកា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពាក់ព័ន្ធ និងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស​ KCI-BOTEK JV។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារសំខាន់ៗ នៃការរៀបចំគម្រោង រួមមាន៖ (១)-ការងារគ្រប់គ្រងហិរញ្ញវត្ថុគម្រោង (២)-ការងារកិច្ចលទ្ធកម្មគម្រោង (៣)-ការងារសិក្សាសមិទ្ធិលទ្ធភាព (FS) និង (៤) ការរៀបចំគំនូសប្លង់វិស្វកម្មលម្អិត (DEDs)។ កិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយសមស្រប ព្រមទាំងកំណត់ទិសដៅការងារអាទិភាព ដើម្បីធានាបានថាគម្រោងនេះអាចសម្រេចបានទាន់ពេលវេលា មានប្រសិទ្ធភាព និងក្នុងស្មារតីសហការគ្នាយ៉ាងជិតស្និទ្ធ។

សូមបញ្ជាក់ជូនថា គម្រោង 3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារ AIIB ដែលសមិទ្ធផលនៃគម្រោងនេះនឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាពិសេស គម្រោងនេះក៏នឹងជំរុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់៕អត្ថបទ៖ហ្សាលីន