សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាចង់ស្នើឱ្យជប៉ុនជួយដោះស្រាយជម្លោះនៃប្រទេសកម្ពុជា-ថៃប្រកបដោយសន្តិវិធី ហើយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។ នេះបើយោងតាមជំនួបពិភាក្សារវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោកនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកមេបញ្ជាការទ័ពជើងគោកជប៉ុន និងចាត់ទុកដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការញ៉ាំងទំនាក់ទំនង រវាងប្រទេសកម្ពុជា និងជប៉ុនឱ្យកាន់តែល្អប្រសើរ។ និយាយដោយឡែក ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ រវាងកងទ័ពវិស័យការពារជាតិនៃប្រទេសទាំងពីរ។
ទន្ទឹមគ្នានេះ សម្តេចក៏បានប្រាប់ទៅកាន់លោកមេបញ្ជាការទ័ពជើងគោកជប៉ុនថា កម្ពុជាមានបំណងចង់ស្នើឲ្យជប៉ុនជួយដោះស្រាយជម្លោះនៃប្រទេសទាំងពីរប្រកបដោយសន្តិវិធី ហើយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ ជំរុញឱ្យភាគីដែលមានវិវាទជាមួយកម្ពុជាគឺ ភាគីថៃដោះស្រាយដោយសន្តិវិធី និងគោរពទៅតាមនិយាម ឬច្បាប់អន្តរជាតិ ដែលជាជំហររបស់កម្ពុជាដែលចង់បាន និងចង់ឃើញការដោះស្រាយដោយតុលាការអន្តរជាតិ។
ជាការឆ្លើយតប លោកមេបញ្ជាការទ័ពជើងគោកជប៉ុន បានអរគុណសម្ដេចតេជោ ដែលបានបញ្ជាក់អំពី មូលហេតុ ស្ថានភាពពិត និងបញ្ហាព្រំដែនរបស់ប្រទេសកម្ពុជា ដែលមានជាមួយប្រទេសថៃ។ លោក ក៏បានបញ្ជាក់បន្ថែមថា អ្វីដែលជប៉ុនចង់បានគឺការដោះស្រាយដោយសន្តិវិធីក្នុងបញ្ហាព្រំដែន។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅមេបញ្ជាការទ័ពជើងគោកជប៉ុន ពីស្ថានភាពបញ្ហាពិតប្រាកដ រវាងកម្ពុជា-ថៃ។នៅក្នុងនោះ សម្ដេចតេជោ បានពន្យល់ថា ជាការចាប់ផ្ដើមគឺ ដោយមានទាហ៊ានថៃឆ្លងដែនមកបាញ់សម្លាប់យុទ្ធជនកម្ពុជា បន្ទាប់មកថៃសម្រេចបិទច្រកព្រំដែនជាឯកតោភាគីជាដើម និងសកម្មភាពជាច្រើនទៀតដែលថៃបានរំលោភមកកាន់កម្ពុជាបន្ថែមទៀត ដែលជាផ្នែកមួយកម្ពុជាត្រូវតែមានវិធានការក្នុងការទប់ស្កាត់ការឆ្លើយតបត្រឡប់ទៅវិញ យ៉ាងណាក៏ដោយសម្ដេចតេជោ បានបញ្ជាក់ចំពោះមេបញ្ជាការទ័ពជើងគោកជប៉ុន ដោយច្បាស់ថា ជំហររបស់កម្ពុជាគឺ ការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការនៃការចរចាទ្វេភាគី និងការដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺការដោះស្រាយដោយយកតុលាការអន្តរជាតិ ICJ៕ អត្ថបទ៖ ហ្សាលីន
