សម្តេចតេជោ និងសម្តេចធិបតី អបអរខួបលើកទី៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងប៉ារីស ២៣ តុលា

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ប្រកាសអបអរសាទរខួបលើកទី៣៥ឆ្នាំនៃកិច្ចព្រមព្រៀងប៉ារីស២៣តុលា ឆ្នាំ១៩៩១-២៣ តុលា ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចទាំងពីរ  បានប្រកាសអបអរសាទរ ខួបលើកទី ៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម”២៣ តុលា ១៩៩១ – ២៣ តុលា ២០២៦។

ដោយក្នុងនោះដែរ សម្តេចតេជោ ហ៊ុន  សែន បានរម្លឹកថា ក្រឡេកមើលទៅក្រោយ!ថ្ងៃ២៣តុលា១៩៩១ម៉ោង៣ល្ងាចនៅទីក្រុងប៉ារីសប្រទេសបារាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនិយមហៅថា(កិច្ចព្រមព្រៀងប៉ារីស)។សម្តេចតេជោបន្តថា ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹកទើបហៅថាដើមឈើបាន។ដូចគ្នានេះដែរកិច្ចព្រមព្រៀងប៉ារីសបានចាប់ផ្តើមពីជំនួបចរចារវាងសម្តេចព្រះនរោត្តមសីហនុជាមួយរូបខ្ញុំហ៊ុន សែនដែលគេតែងនិយាយថា(ជំនួបសីហនុ.ហ៊ុន សែន)ថ្ងៃ២ធ្នូ១៩៨៧។គ្មានជំនួបសីហនុ .ហ៊ុន សែនវាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបញ្ជាក់បន្ថែមថា យើងបានប្រើពេលជាច្រើនដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ។បើគិតពីថ្ងៃ២ធ្នូ១៩៨៧ដល់២៣តុលា១៩៩១គឺមានរយៈពេល១,៤២១ថ្ងៃត្រូវជា២០៣សប្តាហ៍ស្មើនឹង៤៦ខែនិង២១ថ្ងៃឬ៣ឆ្នាំ១០ខែនិង២១ថ្ងៃ។

សម្តេចតេជោ បានបញ្ជាក់ថា៖«ខ្ញុំជាមនុស្សតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេ(ពាក្យនេះពួកតាំងខ្លួនជាបិតា២៣តុលាច្បាស់ជាពេបជ្រាយ)ដែលអាចបញ្ជាក់បាននៅត្រង់មួយទល់បី(ខ្ញុំហ៊ុន សែនត្រូវតទល់ជាមួយសម្តេចព្រះនរោត្តមសីហនុផងជាមួយលោកតាសឺន សានផងជាមួយខៀវ សំផនផង)ដែលពេលខ្លះជួបដោយឡែកនិងពេលខ្លះជួបរួម។ឯដៃគូបរទេសមិនថាប្រទេសគាំទ្រទេប្រទេសដែលមិនគាំទ្រក៏ត្រូវការជួបជាមួយហ៊ុន សែនដើម្បីពន្យល់គ្នាឬស្វែងយល់ឬស្វែងរកការស្រុះស្រួល»។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន​ បានស្កត់ធ្ងន់ទៀតថា នៅក្នុងវេទិកាចរចាខ្ញុំជាមនុស្សដែលមានវ័យក្មេងជាងគេក្នុងចំណោមភាគីកម្ពុជានិងប្រតិភូពីប្រទេសដែលចូលរួមដែលចាប់ផ្តើមចរចាអាយុ៣៥ឆ្នាំនិងពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ៕ អត្ថបទ៖ហ្សាលីន