កូនប្រុសពៅឧកញ៉ា ព្រាប សុវត្ថិ សម្រេចចុះកុងត្រាផ្លូវការជាមួយផលិតកម្ម Galaxy Navatra

កម្សាន្ត ជុំវិញ​ឧកញ៉ា

កូនប្រុសពៅឧកញ៉ា ព្រាប សុវត្ថិ គឺលោក សុវត្ថិ សិរីវុឌ្ឍ បានសម្រេចចុះកុងត្រាចូលរួមជាមួយផលិតកម្មកម្សាន្តដ៏ធំឈានមុខគេ Galaxy Navatra ជាផ្លូវការហើយកាលពីល្ងាចថ្ងៃទីពុធ ទី១៩ ខែមីនា ឆ្នាំ២០២៤ ដោយធ្វើពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងគ្រួសារផលិតកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីស្វាគមន៍វត្តមានតារាចម្រៀងវ័យក្មេង សុវត្ថិ សិរីវុឌ្ឍ មកកាន់គ្រួសារ Galaxy Navatra ផលិតកម្មបានរៀបចំពិធីស្វាគមន៍យ៉ាងអធិកអធមក្រោមវត្តមានអ្នកឧកញ៉ា ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប ព្រមទាំងមានការចូលរួមពីឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងសិល្បៈករសិល្បការិនី អ្នកនិពន្ធ តន្រ្តីករជាច្រើនរូបនៅសណ្ឋាគារលំដាប់ផ្កាយ ៥ ហៃយ៉ាត់ រីជេស៊ី។

ដំណើរចូលរួមជាមួយផលិតកម្មកម្សាន្តដ៏ធំនៅពេលនេះ តារាចម្រៀងវ័យក្មេង សុវត្ថិ សិរីវុឌ្ឍ បានបង្ហាញរំភើបរីករាយដែលទទួលបានការសាទរពិធីស្វាគមន៍ចូល Galaxy Navatra ដោយមានការយល់ព្រមពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ លោកថ្លែងថា «ជាជំហានថ្មីមួយទៀត សម្រាប់ខ្ញុំដែលបានចូលរួមក្នុងផលិតកម្មដ៏ធំសម្បើមកម្រិតស្តង់ដារអន្តរជាតិដែលភាពល្បីល្បាញជាច្រើនបង្ហាញកន្លងមកហើយដោយកំពូលតារាចម្រៀងជាច្រើនរបស់ប្រទេសកម្ពុជាយើងលើទីផ្សារតន្រ្តីសកលតាមបណ្តាញសង្គមនានាលើឆាកអន្តរជាតិ»។

ទទួលបានឱកាសដ៏កម្រនេះ លោក សិរីវុឌ្ឍ ប្តេជ្ញាចិត្តនឹងយកទេពកោសល្យដែលលោកមានទាំងអស់មកចូលរួមជាមួយផលិតកម្ម Galaxy Navatra ដោយការប្រឹងប្រែងខ្ពស់បំផុតដើម្បចូលរួមលើកស្ទួយវិស័យចម្រៀងខ្មែរឲ្យកាន់តែល្បីល្បាញថែមទៀត។

អ្នកឧកញ៉ា ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍សម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងឱកាសនៃពិធីស្វាគមន៍តារាចម្រៀងដ៏ល្បីលោក សុវត្ថិ សិរីវុឌ្ឍ មកកាន់គ្រួសារ Galaxy Navatra នាវេលានេះ ដែលជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីឧត្តមភាព និងការឈានឡើងកាន់តែខ្ពស់របស់ផលិតកម្ម Galaxy ជានិច្ចកាលតែងទទួលបានការគាំទ្រស្រឡាញ់ពេញចិត្តពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។

អ្នកឧកញ៉ាថ្លែងថា «ផលិតកម្ម Galaxy Navatra បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មរស់វើកដើម្បីចូលរួមលើកស្ទួយថែរក្សា ការពារ វប្បធម៌ ប្រពៃណីក្នុងវិស័យសិល្បៈ ជីវភាពអ្នកសិល្បៈ និងក្រុមគ្រួសារ ជាពិសេសបានផ្តល់ឪកាសការងារជាច្រើនកន្លែងជូនដល់បងប្អូនសិល្បៈ និងអ្នកធ្វើការពាក់ព័ន្ធនឹងវិស័យសិល្បៈដោយគោរពអនុឡោមតាមលក្ខខណ្ឌ ក្រមសីលធម៌របស់ក្រសួងវប្បធម៌ និងវិចិត្រដើរស្របនឹងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍន៍»។

អ្នកឧកញ៉ាថ្លែងបន្តថា សមិទ្ធផលនិងភាពជោគជ័យរបស់ផលិតកម្ម Galaxy Navatra មកដល់ត្រឹមពេលនេះគឺគ្រាន់តែជាចំណុចចាប់ផ្តើម និងជាចំណុចរបត់ថ្មីៗជាបន្តបន្ទាប់របស់ផលិតកម្ម ដើម្បីឈានចាប់យកឱកាស និងមហិច្ឆតាថ្មីៗបន្ថែទៀតក្នុងវិស័យកម្សាន្តនៅកម្ពុជា ព្រមទាំងចក្ខុវិស័យការសម្លឹងមើលឱកាសកិច្ចសហប្រតិបត្តិការថ្មីជាមួយវិនិយោគិនជាតិ និងអន្តរជាតិទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីអាចពាំនាំយកសក្តានុពល និងភាពល្អឥតចខ្ចោះនៃសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញដល់កម្រិតតំបន់ និងអន្តរជាតិផងដែរ។

អ្នកឧកញ៉ាបន្ថែមទៀតថា ក្នុងគោលបំណងសម្រេចឲ្យបាននូវចក្ខុវិស័យ និងមហិច្ឆតាធំៗទាំងនេះ លោក សុវត្ថិ សិរីវុឌ្ឍ នឹងក្លាយទៅជាតួអង្គសំខាន់ និងថ្មីបន្ថែមទៀតក្នុងចំណោមកំពូលតារាចម្រៀង អ្នកនិពន្ធ ផលិតករ និងបុគ្គលិកទាំងអស់របស់ផលិតកម្ម Galaxy Navatra ដើម្បីរួមចំណែកធ្វើឲ្យផលិតកម្មកាន់តែទទួលបានភាបជោគជ័យ និងទទួលបានការគាំទ្រស្រឡាញ់ចូលចិត្តពីសំណាក់នាក់គាំទ្រ សាធារណជនទាំងជាតិ និងអន្តរជាតិនាពេលខាងមុខ។

សូមជម្រាបជូនថា ផលិតកម្ម Galaxy Navatra គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៨ ដែលគិតមកដល់ពេលនេះ មានអាយុទើបតែជិត៦ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាមិញ ដូចដែលយើងបានដឹងទាំងអស់គ្នាថ្វីត្បិតតែនៅវ័យក្មេងក៏ពិតមែន តែក្រោមចក្ខុវិស័យដឹកនាំរបស់អ្នកឧកញ៉ា ឡេង ណាវាត្រា ផលិតកម្ម Galaxy Navatra បានក្លាយទៅជាផលិតកម្មចម្រៀង ដែលទទួលបានភាពជោគជ័យគួរឱ្យកោតស្ញប់ស្ញែង និងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺទាំងនៅក្នុងទីផ្សារកម្សាន្តក្នុងស្រុកផ្ទាល់ និងក្នុងទីផ្សារអន្តរជាតិយ៉ាងទូលំទូលាយ៕