មិនមែន១ ហើយក៏មិនមែន ២ តារាចម្រៀង ធីតា ដាវីកា ប្រកាសលេងឈុតធំដោយចេញ PAINFUL SOLO ALBUM ចម្រៀងថ្មីមួយ ដែលមានបទចម្រៀងរហូតដល់ទៅ៥បទ តម្រូវតាមការសំណូមពររបស់អ្នកគាំទ្រ ។

កញ្ញា ធីតា ដាវីកា គឺជាតារាចម្រៀងស្រីវ័យក្មេងប្រកបដោយទេពកោលស្យប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បទចម្រៀងរបស់នាងជាច្រើនបានធ្វើឱ្យអ្នកគាំទ្រស្រឡាញ់ពេញចិត្ត ជាពិសេសគឺបទចម្រៀងមនោរសញ្ចេតនាស្នេហា ព្រាត់ប្រាស់ ខូចចិត្តជាច្រើនដូចជា៖ យើងត្រូវគ្នាវិញបានទេ? ចង់មានសង្សារដែរ និង បទ អ៊ុតហាងឆេងមាស ជាថើម ។
សម្រាប់ពាក់កណ្តាលឆ្នាំ២០២៦នេះ កញ្ញា ធីតា ដាវីកា ក៏មានកាដូថ្មីសម្រាប់ជូនអ្នកគាំទ្ររបស់ខ្លួនផងដែរ ធានាថា មិនធ្វើឱ្យទស្សនិកជន ខកបំណងឡើយ ជាក់ស្តែងនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៦ នេះផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏បានប្រកាសថា តារាចម្រៀង ធីតា ដាវីកា ត្រៀមនឹងចេញ PAINFUL SOLO ALBUM ចម្រៀងថ្មីរហូតដល់ទៅចំនួន៥បទផងដែរ ដោយក្នុងនោះ បទចម្រៀងទី១មានបទចម្រៀង « អូននៅតែចង់ត្រូវគ្នា » ដែលនឹងចេញជាផ្លូវការនៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៦ ។
ចំណែកបទទី២ គឺមានចំណងជើងថា « ដោះលែងឱ្យគេដើរផ្លូវគេ » នឹងចេញនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៦ ។ រីឯបទទី៣មានចំណងជើងថា « ឈឺម្តងទៀត » នឹងចេញនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦ ។ បទទី៤ មានចំណងជើងថា « លែងខ្វល់ហើយ » នឹងចេញនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ និងបទទី៥ មានចំណងជើងថា « រកអ្នកផ្សេងជំនួសគេទៅ » នឹងចេញនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៦ ។
កញ្ញា ធីតា ដាវីកា ថែមទាំងបាននិយាយថា « មកលើកនេះមកបបួល Sad តែម្តង » ។
កុំភ្លេចចូលរួមទស្សនា PAINFUL SOLO ALBUM ចម្រៀងដែលសេដខ្លាំងហៅលែងឮរបស់តារាចម្រៀង ធីតា ដាវីកា នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទាំងអស់គ្នា ដើម្បីទទួលបាននូវអារម្មណ៍ថ្មី ប្លែក មិនធ្លាប់មានពីមុនមក… ៕







