កាំភ្លើងបាញ់ទឹក ត្រូវប៉ាន់ខ្លាំងនៅថ្ងៃចូលឆ្នាំ ដោយតម្លៃចន្លោះពី ១៥ដុល្លារ ដល់ ៤០ដុល្លារក្នុងមួយដើម

កម្សាន្ត

កាំភ្លើងបាញ់ទឹក បានក្លាយជាទំនិញដែលត្រូវប៉ាន់ខ្លាំងនៅថ្ងៃចូលឆ្នាំរយៈពេល៣ថ្ងៃ កាលពីពេលថ្មីៗនេះ រហូតដល់មានកន្លែងលក់ខ្លះ ដាច់ស្តុកក៏មាន។ នៅគ្រប់កម្មវិធីសង្រ្កាន្តនៅតាមបណ្តាខេត្ត រាជធានីទូទាំងប្រទេស ក្រៅពីការលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ត គេក៏សង្កេតឃើញយុវវ័យភាគច្រើនមានកាំភ្លើងបាញ់ទឹកជាប់នឹងខ្លួនបាញ់លេងដាក់គ្នាផងដែរ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាំភ្លើងបាញ់ទឹកត្រូវបានទិញក្នុងចន្លោះពី ១៥ដុល្លារ ទៅ ៤០ដុល្លារក្នុងមួយដើម ខណៈដែលថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរមិនសូវមានអ្នកទិញនោះទេ ប៉ុន្តែសម្រាប់ថ្ងៃទី ២ ទី៣ មានអ្នកសម្រុកទៅទិញសឹងតែអស់ពីស្តុករកកាំភ្លើងលក់មិនបានផង។ នេះបើតាមអ្នកលក់កាំភ្លើងបាញ់ទឹកនៅខេត្តបន្ទាយមានជ័យ មួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឧកញ៉ាញូស៍។

ប្រភពបានបន្តថា កាំភ្លើងបាញ់ទឹកដែលកំពុងពេញនិយមខ្លាំងនៅថ្ងៃចូលឆ្នាំខ្មែរនេះ គឺបាននាំចូលពីប្រទេសចិន វៀតណាម និងប្រទេសថៃ។

យ៉ាងណា ជុំវិញព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មានអ្នកលេងបាញ់ទឹកពេញនិយមជាងល្បែងប្រជាប្រិយ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភា្យកម្ពុជា បានគូសបញ្ជាក់ដែរថា យើងឃើញថា វប្បធ៌មបាញ់ទឹកដាក់គ្នាហាក់មានភាពរីកដុះដាលពេញផ្ទៃប្រទេស ប៉ុន្តែលោកថា សូមបន្តវប្បធម៌បាញ់ទឹកដើម្បីភាពត្រជាក់ត្រជុំនេះ ដោយបង្វែពីការបាញ់ទឹកដាក់មនុស្ស មកបាញ់ដាក់ដំណាំវិញ យើងសង្ឃឹមថា បន្លែស្រុកយើងនឹងសម្បូរហូរហៀរ នឹងមិននាំចូលពីប្រទេសជិតខាងទៀតទេ។

គួរបញ្ជាក់ថា កម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ នៅតាមបណ្តាខេត្ត រាជធានី មានការរៀបចំកម្មវីធីសង្រ្កាន្ត ដោយមានប្រជាជនជួបជុំគ្នាលេងល្បែងប្រជាប្រិយ រាំកម្សាន្តសប្បាយក្រោមដំណកទឹកដែលបាញ់ពីឡានទឹក យ៉ាងច្រើនកុះករ ។  

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ កម្ពុជាទទួលបានទេសចរជាតិ-អន្តរជាតិ សរុបជិត ៤,៦លាននាក់ ។ ក្នុងនោះ ខេត្តបាត់ដំបង កំពង់ចាម និងសៀមរាប មានទេសចរទៅកម្សាន្តច្រើនជាងគេ៕