ក្រសួង ស្នើរដ្ឋាភិបាលឱ្យពលរដ្ឋថៃរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ មិនចាំបាច់មានលិខិតឆ្លងដែន

កម្សាន្ត

កម្ពុជា គ្រោងនឹងឱ្យពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ ដោយមិនចាំបាច់មានលិខិតឆ្លងដែន។ នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. កាលពីថ្ងៃទី១៩ ខែកញ្ញាម្សិលមិញ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងពីសំណើស្នើទៅរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែន)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។

លោក ហោ សារុន បានអះអាងថា ប្រសិនបើការអនុវត្តយ៉ាងដូច្នេះ កម្ពុជានឹងទទួលបានផលចំណេញបន្ថែម ពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនា ដោយផ្ទាល់របស់ភ្ញៀវទេសចរ ដែលជាប្រជាពលរដ្ឋថៃរស់នៅ តាមខេត្តជាប់ព្រំដែនកម្ពុជា។

គួរជម្រាបថា ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនកម្ពុជា មានចំនួន ៧ខេត្ត រួមមាន៖ ខេត្តឧត្បុលរាជធានី, ខេត្តស្រីសាកេត , ខេត្តសុរិន្ទ្រ, ខេត្តបុរីរម្យ, ខេត្តស្រះកែវ, ខេត្តចន្ទបុរី, ខេត្តត្រាត ខណៈខេត្តទាំងនោះជាប់នឹងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។

បច្ចុប្បន្នកម្ពុជា-ថៃ កំពុងអនុវត្តការអនុញ្ញាតឱ្យមានការចេញ/ចូល រវាងប្រជាជនដែលរស់នៅជាប់ព្រំដែនទាំងសងខាង។ ប្រជាជនដែលកាន់បណ្ណព្រំដែន អាចឆ្លងកាត់ព្រំដែនបានដោយមិនចាំបាច់ មានលិខិតឆ្លងដែនឡើយ។ ដើម្បីទទួលបានបណ្ណព្រំដែននេះ ប្រជាពលរដ្ឋគ្រាន់តែមានអត្តសញ្ញាណបណ្ណ គឺអាចស្នើសុំបណ្ណព្រំដែននេះបាន៕