ខាន់ ជែមស៍ បង្ហាញអារម្មណ៍បែបនេះ ក្រោយបទដំបូងរបស់កូនស្រីច្បងផ្ទុះការគាំទ្រខ្លាំង

កម្សាន្ត

បទចម្រៀងដំបូងរបស់យុវតី អេមី ដែលគេស្គាល់ថា ជាកូនស្រីច្បងរបស់តារាចម្រៀងល្បីឈ្មោះលោក ខាន់ ជែមស៍ កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងលើបញ្ដាញសង្គមនានា។ ការណ៍នេះបានធ្វើឪពុក ដែលតែងតែចង់ឲ្យកូនៗដើរលើគន្លងសិល្បៈហាក់មានមោទនភាពយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទស្សនិកជនប្រហែលជាបានដឹង និងបានស្ដាប់រួចមកហើយនូវសូរសំនៀងដ៏ស្រទន់ ពិរោះរណ្ដំរបស់យុវតី អេមី គឺបទ” កុំចង់ត្រូវគ្នា” ដែលពិតជាមានអត្ថន័យចាក់ដោតយ៉ាងខ្លាំង ដល់បេះដូងអ្នកគាំទ្រជាពិសេស ស្រទាប់យុវវ័យ ដែលបាននាំគ្នាយកទៅបង្ហោះលើបណ្ដាញសង្គមជាច្រើន។ មិនត្រឹមតែមានសូរសំនៀងដ៏ក្រអួនក្រអៅនៃទេពកោសល្យពីធម្មជាតិ ប៉ុណ្ណោះទេ តែ អេមី ក៏មានរូបសម្រស់ស្រស់សោភាសក្ដិសមជាតារាចម្រៀងមួយរូបផងដែរ។ ជាពិសេសនាងបានឆ្លងកាត់នូវការដុះខាត់បន្ថែមពីឪពុកទាំងសមត្ថភាព និងអត្តចរិតដើម្បីឲ្យក្លាយជាធនធានសិល្បករប្រកបដោយគុណតម្លៃសម្រាប់សង្គមជាតិនាពេលអនាគតផងដែរ។

តារាចម្រៀងដែលទើបវិវត្តខ្លួនទៅជាម្ចាស់ផលិតកម្មចម្រៀងលោក ខាន់ ជែមស៍ បានបង្ហាញអារម្មណ៍រីករាយ និងមោទនភាពចំពោះកូនស្រីយ៉ាងខ្លាំង។ សម្រាប់អារម្មណ៍របស់លោកជាឪពុក គឺរំភើបសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលបទចម្រៀងរបស់កូនចេញទៅមានគេគាំទ្រច្រើនដូច្នេះ។ លោកសង្កត់ធ្ងន់ថា៖ “ក្នុងនាមជាឪពុកគឺរំភើប ហើយភាពល្បីល្បាញរបស់កូន ក៏ដូចជាខ្ញុំល្បីដែរ មានន័យថា ភាពញញឹម ភាពរីករាយរបស់កូន គឺជាក្ដីសុខរបស់ខ្ញុំ”។

បើតាមលោក ខាន់ ជែមស៍ កន្លងលោកធ្លាប់បានបណ្ដុះបណ្ដាលកូនស្រីរូបនេះពីគន្លឹះនៃការច្រៀង ការប្រើដង្ហើម ជាដើម ជាពិសេសណែនាំពីសីលធម៌ អកប្បកិរិយា រឹកពារក្នុងនាមជាជាតារាចម្រៀងមួយរូបដែលសង្គមទទួលស្គាល់ មានកិត្តិយស ដែលទាំងនេះជាអ្វីដែលគ្រួសាររបស់លោកចង់បាន។ ចំពោះ MV បទ” កុំចង់ត្រូវគ្នា” ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គមនោះ បានចេញផ្សាយលើឆានែលយូធូបផ្លូវការរបស់លោក ខាន់ ជែមស៍ កាលពីម៉ោង១២ថ្ងៃត្រង់នេះ ហើយនឹងចេញផ្សាយលើហ្វេសប៊ុកផេករបស់លោកនៅម៉ោង៧ល្ងាចនេះផងដែរ។

បើតាមម្ចាស់ផលិតកម្ម Khan Jams កូនៗប្រុសស្រីទាំងបួននាក់របស់លោក សុទ្ធសឹងតែមានទេពកោសល្យផ្នែកសិល្បៈមិនខុសពីឪពុកនោះឡើយ ហើយលោកបានរំពឹងក្នុងចិត្តថា ថ្ងៃអនាគតកូនៗទាំងបួនរូបរបស់លោកអាចចូលរួមលើកស្ទួយវិស័យសិល្បៈរបស់ជាតិយើងបាន ។ លោកបានបន្តទៀតថា កូនស្រីច្បងរបស់លោក អេមីមិនត្រឹមតែមានសម្លេងពិរោះប៉ុណ្ណោះទេ តែក៏មានទេពកោសល្យជាច្រើនទៀតនៅលើវិស័យសិល្បៈនេះផងដែរ។

ចំណែកកូនទីពីររបស់លោកមានឈ្មោះថា ដូរ៉ា ក៏មានទេពកោសល្យផ្នែកចម្រៀងមិនចាញ់គ្នាប៉ុន្មានដែរ ព្រមទាំងមានទេពកោសល្យចង្វាក់រាំថែមទៀតផង ។ ចំពោះកូនទីបីរបស់លោក មានទេពកោសល្យច្រៀងបែបរ៉េប Hip Hop។

កន្លងមករូបគេបានចេញបទចម្រៀងមួយចំនួនរួចហើយដូចជាបទ ” Boyឡូយ, Gateកូនប៉ា, Hard Way, និង Young Rapper ជាដើម” ។ ចំណែកគ្រាប់ពេជ្រចុងក្រោយរបស់លោក ដែលជាកូនពៅគេបង្អស់ក្នុងគ្រួសារ មានឈ្មោះថា មករា សាវីណា មានទេពកោសល្យផ្នែកច្រៀង និងរាំ ហើយមានចំណូលចិត្តដើរលើវិថីដូច K-pop ដូច្នោះដែរ ។

ក្រោមដំបូលផលិតកម្មផ្ទាល់ខ្លួន ដែលមានកូនៗដែលពោរពេញទៅដោយសមត្ថភាព លោក ខាន់ ជេមស៍ បានប្ដេជ្ញាយ៉ាងមុតមាំថា លោកនឹងខំប្រឹងបន្តផលិតនូវបទចម្រៀងថ្មីៗជាច្រើនទៀត សម្រាប់អ្នកគាំទ្ររូបលោក និងកូនៗ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏មានចក្ខុវិស័យផងដែរ ក្នុងការនាំយករសជាតិសិល្បៈចម្រៀងរបស់កម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ និងពាំនាំយកមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជាតិផងដែរ ។

សូមទស្សនាវីដេអូខាងក្រោម៖