សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកសិល្បៈនិពន្ធបទចម្រៀង វីដេអូ និងស្នាដៃសិល្បៈអមព្រឹត្តិការណ៍ស៊ីហ្គេម

កម្សាន្ត

នៅចំពោះមុខអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យគ្រប់ទម្រង់ជិត៤ពាន់​នាក់​ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នាល្ងាចថ្ងៃព្រហស្បតិ៍ទី២មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុក ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដែលរង់ចាំជាង៦០ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយនឹងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះដែរ ដើម្បីអបអរសាទរយ៉ាងឱឡារិក សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់អ្នកសិល្បៈរួមគ្នាតែងនិពន្ធចម្រៀង វីដេអូ និងស្នាដៃសិល្បៈផ្សេងៗ ដើម្បីចូលរួមអបអរសាទរ និងញ៉ាំងបរិយាកាស ព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខឆាប់ៗនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវសិល្បករ សិល្បការិនីទាំងអស់ ចូលរួមនិពន្ធ និងផលិតបទចម្រៀង បទភ្លេងវីដេអូ និងស្នាដៃសិល្បៈផ្សេងៗ ដើម្បីចូលរួមអបអរ និងញ៉ាំងបរិយាកាស នៃព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ឲ្យកាន់តែកក្រើក និងអធិកអធមដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ចង់ចាំ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រមួយនេះ តាមរយៈស្នាដៃសិល្បៈវប្បធម៌»។

សម្ដេចតេជោ បើគិតត្រឹមថ្ងៃទី២មីនានេះ គឺនៅសល់ពេល៦៤ថ្ងៃទៀត ដែលយើងទាំងអស់គ្នាត្រូវរាប់ថយក្រោយ ដើម្បីរួមគ្នាឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៉ីហ្គេម ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ដ្រ៦៤ឆ្នាំចុងក្រោយរបស់កម្ពុជា៕