ឥណ្ឌូនេស៊ី-រុស្ស៊ី ឈានដល់ការចុះកិច្ចព្រមព្រៀងរួមគ្នា ស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងច្បាប់ និងសិទ្ធិមនុស្សរបស់ឥណ្ឌូនេស៊ី លោក Yasonna Laoly និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រុស្ស៊ី លោក Konstantin Chuychenko កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើបត្យាប័នមួយ នៅលើកោះបាលី ស្តីពីការប្រយុទ្ធប្រឆាំង ទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃដដែលនោះ រដ្ឋមន្ត្រី លោក Yasonna បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ មានសារ:សំខាន់ខ្លាំង សម្រាប់ប្រទេសឥណ្ឌូនេស៊ី និងរុស្ស៊ី ព្រោះថាវានឹងអាចជួយប្រទេសទាំងពីរ ពីការដោះស្រាយលើបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ ដូចជា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ការលាងលុយកខ្វក់ គ្រឿងញៀន និងអំពើពុករលួយ ជាដើម។

យ៉ាងណាមិញ ជុំវិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺស្របទៅតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការពង្រឹងទៅលើកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ឆ្លងដែន ជាមួយនឹងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនបន្ថែមទៀត ។

ទន្ទឹមនឹងនេះ បើតាមអ្នកជំនាញ បានបង្ហាញថា មើលតាមទីតាំងភូមិសាស្រ្ត ទាំងឥណ្ឌូនេស៊ី និងរុស្ស៊ី គឺមានផ្ទៃដីធំ ដូច្នេះហើយវា​បង្ក​ភាពងាយស្រួលក្នុងការប្រើប្រាស់ជាកន្លែងលាក់ខ្លួនសម្រាប់ឧក្រិដ្ឋជន។ ហើយកិច្ចសហប្រតិបត្តិការក្នុងការធ្វើបត្យាប័ននេះ គឺជាសម្រើសដ៏សំខាន់មួយ ពីព្រោះថាការធ្វើបត្យាប័នមានលក្ខណ:ជាផ្លូវការ និងមានកាតព្វកិច្ចខ្ពស់ ។

ជម្រាបជូនផងដែរថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបត្យាប័ននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានភាពជោគជ័យរួចមកហើយ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីជំនួយផ្លូវច្បាប់ទៅវិញទៅមក ក្នុងបញ្ហាព្រហ្មទណ្ឌ រវាងប្រទេសទាំងពីរ នៅក្នុងទីក្រុងម៉ូស្គូ កាលពីក្នុងខែធ្នូ ឆ្នាំ ២០១៩ ៕