តម្លៃផ្ទះថ្មីៗ ក្នុងប្រទេសចិន បន្តកើនឡើងក្នុងល្បឿនលឿនបំផុត គិតត្រឹមខែមីនា

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញក្នុងពេលថ្មីៗនេះថា តម្លៃផ្ទះថ្មីៗរបស់ប្រទេសចិន ក្នុងខែមីនា បានកើនឡើងក្នុងល្បឿនលឿនបំផុត មិនធ្លាប់មានរយ:ពេល ២១ ខែចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃផ្ទះថ្មី នៅក្នុងខែមីនា បានកើនឡើង ០,៥% បន្ទាប់ពីមានការកើនឡើង ០,៣% នៅក្នុងខែកុម្ភ: ពោលវាជាការកើនឡើងក្នុងល្បឿនលឿនបំផុត ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ មក និងជាកើនឡើងសម្រាប់រយ:ពេល ៣ ខែជាប់ៗគ្នាផងដែរ។ នេះបើតាមការគណនា ដោយសារព័ត៌មាន Reuters ដោយផ្នែកទៅលើទិន្នន័យរបស់ការរិយាល័យស្ថិតិជាតិ (NBS)។

យ៉ាងណាមិញ លោក Yan Yuejin ជាអ្នកវិភាគនៅស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍ E-house China ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បាននិយាយថា ៖ ” សន្ទស្សន៍នៃតម្លៃលំនៅឋាន បានបង្ហាញពីនិន្នាការនៃស្ថិរភាព និងការងើបឡើងមកវិញ ដែលអាចបញ្ជាក់យ៉ាងច្បាស់ថា​ វិស័យអចលនទ្រព្យទាំងមូលរបស់ចិន កំពុងដើរលើផ្លូវត្រូវ ខុសពីឆ្នាំមុន “​។

មិនតែប៉ុណ្ណោះ លោក Yan ក៏បានបន្ថែមទៀតផងដែរថា ការលក់ផ្ទះដាច់ខ្លាំងនៅក្នុងខែមីនា គឺជាហេតុផលចម្បងមួយ ដែលនាំឱ្យមានការកើនឡើងនៃតម្លៃផ្ទះ ខណ:ពេលដែលទីក្រុងធំៗ បានឃើញពីការស្ទុះងើបឡើងវិញ នៃលក់ បន្ទាប់ពីរដ្ឋាភិបាលចិន បានលុបចោលនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ កាលពីក្នុងខែធ្នូ ឆ្នាំមុនមក ៕