ឥណ្ឌូនេស៊ី រំពឹងខ្ពស់ថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយជាមួយ​ EU អាចត្រូវបញ្ចប់ នៅឆ្នាំនេះ

អន្តរជាតិ

ថ្មីៗនេះ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Jerry Sambuaga បានសម្តែងក្តីសង្ឃឹមខ្ពស់ថា ការចរចាទៅលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុប (IEU-CEPA) អាចនឹងត្រូវបញ្ចប់ទៅដោយរលូន នៅឆ្នាំនេះ។ នេះបើតាមចុះផ្សាយដោយសារព័ត៌មាន ​VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីពេលកន្លងទៅនេះ លោក Sambuaga បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុប អាចនឹងត្រូវបានបន្ត និងពង្រីក ប្រសិនបើភាគីទាំងពីរ កសាងទំនាក់ទំនងជាមួយគ្នាប្រកបដោយសមភាព និងការយោគយល់គ្នាទៅវិញទៅមកនោះ ។

លើសពីនេះ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ បានបង្ហាញទៀតថា តាមរយ:កិច្ចព្រមព្រៀង IEU-CEPA បច្ចុប្បន្ន នៅតែមានការខ្វែងគំនិតគ្នាបន្តិចបន្តួចផ្នែកពាណិជ្ជកម្មមួយចំនួន ពិសេសទាក់ទងទៅនឹងផលិតផលប្រេងដូង និងរ៉ែនីកែល ប៉ុន្តែយ៉ាងណាក៏ដោយ រឿងទាំងនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានដោះស្រាយ ក្នុងលក្ខណៈមិត្តភាព និងសន្តិភាព។

ជម្រាបជូនផងដែរថា យោងតាមស្ថិតិផ្លូវការមួយ បានបង្ហាញឱ្យដឹងថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ី បានឈានដល់កម្រិតខ្ពស់បំផុតមួយ ក្នុងចំនួន ៥៤,៥ពាន់លានដុល្លារ កាលពីឆ្នាំមុន ខណ:ការកើនឡើងខ្ពស់នេះ ភាគច្រើនត្រូវបានជំរុញដោយសកម្មភាពនាំចេញ ជាពិសេសទៅកាន់សហភាពអឺរ៉ុប។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុប ហាក់នៅមិនទាន់ អាចឈានដល់កម្រិត ដែលរំពឹងទុកនៅឡើយនោះទេ ៕