ស្រីលង្កា សម្រេចបន្ថយតម្លៃឱសថសំខាន់ៗ ១៦% បន្ទាប់មានភាពធូរស្រាលពីវិបត្តិសេដ្ឋកិច្ច

អន្តរជាតិ

រដ្ឋមន្ត្រីសុខាភិបាលស្រីលង្កា បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់ខ្លួន នឹងធ្វើការកាត់បន្ថយតម្លៃ ១៦% សម្រាប់ឱសថសំខាន់ៗចំនួន ៦០ ប្រភេទ ដោយគិតចាប់ពីថ្ងៃទី ១៥ ខែមិថុនាតទៅ បន្ទាប់ពីប្រទេសនេះ បានមើលឃើញពីភាពធូរស្រាលឡើងវិញ ចំពោះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់របស់ខ្លួន មិនធ្លាប់មាន ក្នុងរយ:ពេលជាច្រើនទសវត្សរ៍ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសដីកោះមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត កាលពីឆ្នាំមុន នៅពេលដែលទុនបម្រុងបរទេសរបស់ខ្លួនបានអស់ ដែលជាហេតុធ្វើឱ្យតម្លៃស្បៀងអាហារ និងថាមពលកើនឡើងខ្លាំង ខណ:ប្រជាជនក៏បានបើការតវ៉ា បង្ខំឱ្យប្រធានាធិបតីចុះចេញពីតំណែង នៅពេលនោះផងដែរ ។

ប៉ុន្តែយ៉ាងណាក៏ដោយ ទុនបម្រុងបរទេសរបស់ស្រីលង្កា ហាក់មានភាព​ល្អប្រសើរ​ឡើងវិញ ក្នុងរយ:ពេល ៩ ខែចុងក្រោយនេះ នៅពេលដែលរដ្ឋាភិបាល ទទួលបានប្រាក់ជំនួយសង្រ្គោះចំនួន ២,៩ពាន់លានដុល្លារ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានសម្របសម្រួលអតិផរណា និងបានចាប់ផ្តើមកសាងទុនបម្រុងបរទេសរបស់ខ្លួនឡើងវិញ ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីសុខាភិបាលស្រីលង្កា លោក Keheliya Rambukwella បាននិយាយថា តម្លៃប្រាក់រូពីរបស់ខ្លួន បានឡើងថ្លៃប្រហែល ២៤% នៅឆ្នាំនេះ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល អាចធ្វើការកាត់បន្ថយតម្លៃឱសថសំខាន់ៗចំនួន ៦០ ប្រភេទ រួមទាំងថ្នាំ ដែលប្រើប្រាស់សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺលើសឈាម ផងដែរ៕