ជំនួប មហាសេដ្ឋី Bill Gates និងលោក ស៊ី ជិនពីង ធ្វើចំពេលចិន និងអាមេរិកកំពុងតឹងសរសៃកដាក់គ្នា

អន្តរជាតិ

សហស្ថាបនិកក្រុមហ៊ុន Microsoft មហាសេដ្ឋី Bill Gates បានជួបដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃសុក្រ ទី១៦ ខែមិថុនានេះ នៅទីក្រុងប៉េកាំង ស្របពេលដែលភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅតែកើនឡើងកម្តៅខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក Xi បានប្រាប់មហាសេដ្ឋី Bill Gates ថា លោកគឺជាមិត្តដំបូងរបស់អាមេរិក ដែលបានជួបគ្នាជាមួយនៅក្នុងទីក្រុងប៉េកាំងនៅឆ្នាំនេះ ។

លើសពីនេះ ប្រធានាធិបតីចិនរូបនេះ បាននិយាយប្រាប់ទៅកាន់មហាសេដ្ឋីអាមេរិកថា៖ «ខ្ញុំនិយាយតែងនិយាយថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងអាមេរិក-ចិន គឺស្ថិតនៅក្នុងចំណោមប្រជាជន ហើយយើងតែងតែសម្លឹងមើលទៅកាន់ប្រជាជនអាមេរិក និងសង្ឃឹមថាប្រជាជនយើងទាំងពីរ នឹងបន្តមានទំនាក់ទំនងល្អជាមួយគ្នា»។

ជម្រាបជូនថា នេះគឺជាជំនួបដំបូងរបស់ប្រធានាធិបតីចិន លោក Xi ជាមួយនឹងធុរកិច្ចបរទេស ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីលោកបានផ្អាកការធ្វើដំណើរទៅក្រៅប្រទេស ចាប់តាំងពីឆ្នាំ២០២០ នៅពេលដែលចិន ចាប់ផ្តើមបិទច្រកព្រំដែនរបស់ខ្លួន អំឡុងជំងឺរាតត្បាតកូវីដ-១៩ ។

សូមជម្រាបជូនបន្ថែមថា​មហាសេដ្ឋី Bill Gates ដែលកំពុងតែបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននៅពេលនេះ គឺក្នុងតួនាទីមួយជាសហប្រធាននៃមូលនិធិ The Bill and Melinda Gates ដែលជាអង្គការមួយ មិនស្វែងរកប្រាក់ចំណេញ និងផ្តោតទៅលើសេវាថែទាំសុខភាពពិភពលោក ការអប់រំ និងការប្រែប្រួលអាកាសធាតុជាដើម ៕