គ្រូបង្វឹកក្បាច់គុនស្ថាបនិក Facebook មិនមានទំនុកចិត្តថា Mark អាចយកឈ្នះ Elon Musk ឡើយ

អន្តរជាតិ

ការណាត់វាយគ្នាក្នុងទ្រុងរវាងមហាសេដ្ឋី Elon Musk និងស្ថាបនិកក្រុមហ៊ុន Meta Platforms មហាសេដ្ឋី Mark Zuckerberg បានធ្វើ​ឲ្យ​មហាជន​រាប់លាន​នាក់ មាន​ការភ្ញាក់ផ្អើលជាមួយ​ព័ត៌មាន​មួយនេះជាខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ គ្រូបង្វឹកក្បាច់គុនចម្រុះ​របស់​លោក Mark គឺអ្នកជំនាញក្បាច់គុនចម្រុះ Khai The Shadow Wu បាន​អះអាងថា មេធំ Facebook គឺជាកូនសិស្សដែលយកចិត្តទុកដាក់ជាមួយការ​ហ្វឹកហាត់ ប៉ុន្តែ​លោក​មិនច្បាស់ថា កូនសិស្សម្នាក់នេះអាចមានសមត្ថភាពយកឈ្នះលើ​ប្រធានក្រុមហ៊ុន Tesla ឡើយ។ នេះបើតាមការចុះផ្សាយពី Insider។

“គាត់ (Mark) គឺពិតជាព្យាយាមហ្វឹកហាត់ខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនដឹងថា ការប្រកួតមួយនោះ​នឹង​ចេញលទ្ធផលបែបណាឡើយ ដូច្នេះខ្ញុំមិនចង់ធ្វើការវាយតម្លៃមុនទេ។ ខ្ញុំក៏ដូចជា​អ្នកទាំងអស់គ្នាដែរ គឺឆ្ងល់មែនទែនថា ហេតុអីបានជាវាអាចមានការប្រកួតបែបនេះបាន”។ នេះបើតាមសម្ដីរបស់លោក Wu បានប្រាប់ទៅកាន់សារព័ត៌មាន Forbes។

គួររំលឹកដែរថា កន្លងមក Mark Zuckerberg បានហ្វឹកហាត់ក្បាច់គុនជីជីតស៊ូ និងធ្លាប់យកឈ្នះ​គូ​ប្រកួត​បាន​មេដាយ​មាសថែមទៀតផង ខណៈ​មហាសេដ្ឋីមានបំផុតលើលោក Elon Musk ក៏ធ្លាប់​បង្ហើបថា លោកធ្លាប់ហ្វឹកហាត់ក្បាច់គុន​យូដូ ការ៉ាតេ និងតេក្វាន់ដូកាលពីកុមារភាព ហើយថ្មីៗនេះលោកបានហ្វឹកហាត់​ក្បាច់គុន​ជីជីតស៊ូ​រយៈពេលខ្លីផងដែរ។

បន្ថែមពីនោះ ប្រធាន UFC លោក Dana White បានបញ្ជាក់បា្រប់​បណ្ដាញ​សារព័ត៌មាន​ថា ទាំង Elon Musk និង Mark Zuckerberg សុទ្ធតែ​និយាយមែន​ពី​ការប្រកួតមួយនេះ បន្ទាប់ពី​លោក​តេទូរស័ព្ទ​ទៅ​ភាគីទាំងសងខាង អស់រយៈពេលជាង ១ម៉ោង៕