តុលាការរុស្ស៊ី សម្រេចពិន័យ Google ជាទឹកប្រាក់ ៤៧លានដុល្លារបន្ថែម រឿងមិនព្រមបង់ប្រាក់ពិន័យចាស់

អន្តរជាតិ

ថ្មីៗនេះ តុលាការរបស់ប្រទេសរុស្ស៊ី បានសម្រេចដាក់ពិន័យទៅលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Alphabet ដែលជាមេធំរបស់ Google ក្នុងចំនួនទឹកប្រាក់ ៤ពាន់លានរូបល ឬស្មើនឹង ៤៧លានដុល្លារ សម្រាប់ការខកខានមិនបានបង់ប្រាក់ពិន័យកាលពីពេលមុន ជុំវិញការចោទប្រកាន់ថា មិនព្រមលុបចេញមាតិកា ដែលរដ្ឋាភិបាលរុស្ស៊ី ហាមឃាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការសម្រេចចិត្តនេះ គឺជាការផាកពិន័យក្នុងចំនួនទឹកប្រាក់រាប់លានដុល្លារចុងក្រោយ នៅចំពេលដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូ កំពុងព្យាយាមដាក់សម្ពាធប្រឆាំងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសលោកខាងលិច។

គួរឱ្យដឹងថា ក្រុមហ៊ុន Google ធ្លាប់ត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ២ពាន់លានរូបល រួចមកហើយ កាលពីក្នុងខែកុម្ភ:ឆ្នាំ ២០២២ នៅពេលដែលទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា កម្មវិធី YouTube របស់ Google បានរំលោភបំពានទៅលើច្បាប់របស់រដ្ឋាភិបាល ចំពោះការខកខានម្តងហើយម្តងទៀត ក្នុងការលុបមាតិកា ដែលទីក្រុងម៉ូស្គូចាត់ទុកថាខុសច្បាប់។

យ៉ាងណាមិញ ក្រុមអ្នកឃ្លាំមើលច្បាប់ប្រកួតប្រជែង FAS របស់រុស្ស៊ី បាននិយាយថា ការផាកពិន័យពីមុន ដែលតុលាការបានដាក់លើ Google នឹងត្រូវដំឡើងទ្វេដង ដោយសារតែពួកគេបានខកខានមិនព្រមបង់ប្រាក់នោះ ខណ: FAS បានសន្និដ្ឋានទៀតថា ក្រុមហ៊ុនរបស់អាមេរិកមួយនេះ នឹងត្រូវបង់ប្រាក់លើសពី ៤ពាន់លានរូបល ទៅកាន់ការិយាល័យថវិកាជាតិរបស់សហព័ន្ធរុស្ស៊ី ៕