លោក ថាក់ស៊ីន នឹងត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការភ្លាម ពេលវិលត្រលប់ចូលស្រុកវិញ

អន្តរជាតិ

កូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកស្រី ផែថុងថាន ដែលជាបេក្ខភាពជាយករដ្ឋមន្ត្រីម្នាក់ របស់គណបក្សភឿថៃ បាននិយាយនៅលើគណនីហ្វេសប៊ុក ថ្មីៗនេះថា លោក ថាក់ស៊ីន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិដុនមឿង នៅថ្ងៃទី១០ ខែសីហា ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation បានធ្វើការចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ឧត្តមសេនីយឯក លោក Montri Pancharoen ដែលទទួលបន្ទុកត្រួតពិនិត្យមន្ត្រីអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានសុវណ្ណភូមិ និងអាកាសយានដ្ឋានអន្តរជាតិដុនមឿង បាននិយាយថា ប៉ូលីសអន្តោប្រវេសន៍ នៅមិនដឹងច្បាស់ពីកាលបរិច្ឆេទជាក់លាក់ណាមួយ ដែលថា លោកថាក់ស៊ីន នឹងមកដល់ពេលណានោះទេ។

មិនតែប៉ុណ្ណោះ លោក Montri បាននិយាយទៀតថា ដោយសារតែមិនទាន់មានការបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ នឹងមកដល់ប្រលានយន្តហោះសុវណ្ណភូមិ ឬដុនមឿន ដូច្នេះកងកម្លាំង មិនទាន់មានការត្រៀមលក្ខណ:ច្បាស់លាស់ នៅប្រលានយន្តហោះធំៗទាំងពីរ នោះឡើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបន្ថែមទៀតថា ការិយាល័យរបស់លោក បានរៀបចំផែនការរួចស្រេចហើយ ជាមួយភ្នាក់ងារប៉ូលិសទីក្រុងបាងកក ថាតើត្រូវធ្វើយ៉ា់ងណាខ្លះ នៅពេលលោក ថាក់ស៊ីន វិលត្រលប់ចូលស្រុកវិញ។

ឧត្តមសេនីយឯករូបនេះ បានបញ្ជាក់ទៀតថា ការិយាល័យអន្តោប្រវេសន៍ បានសម្របសម្រួលជាមួយនគរបាលទីក្រុងបាងកករួចរាល់ហើយ លើគោលការណ៍ណែនាំដំបូង ក្នុងការត្រួតពិនិត្យបុគ្គល ដែលចូលមកកាន់ប្រទេស។ ហើយសម្រាប់ភារកិច្ចចម្បងរបស់មន្ត្រីអន្តោប្រវេសន៍គឺត្រូវត្រួតពិនិត្យលើលិខិតឆ្លងដែន នៅពេលដែលលោក ថាក់ស៊ីន ធ្វើដំណើរចូលមកប្រទេស ប្រសិនបើមានដីកា គាត់នឹងត្រូវឃុំខ្លួន ដើម្បីចាត់ការបន្ត ហើយនឹងត្រូវប្រគល់ឱ្យប៉ូលិសចាត់ការតាមនីតិវិធីបន្ត ។

ដោយឡែក ឧត្តមសេនីយទោ លោក Chikchai Ngamwong ស្នងការរងនៃការិយាល័យ​ប៉ូលិស​ក្រុង បាននិយាយថា ប្រសិនបើលោក ថាក់ស៊ីន មកដល់ក្នុងម៉ោងធ្វើការ នោះលោកនឹងត្រូវចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការភ្លាម។ ប៉ុន្តែ ប្រសិនបើលោកមកដល់ក្រៅម៉ោងធ្វើការ នោះលោកនឹងត្រូវនាំខ្លួនទៅកាន់មន្ទីរឃុំឃាំងពិសេស នៅការិយាល័យប្រឆាំងគ្រឿងញៀន និងបញ្ជូនទៅកាន់តុលារការ នៅពេលក្រោយ។ ហើយប្រសិនបើចាំបាច់ នោះលោក នឹងត្រូវបញ្ជូនទៅកាន់ពន្ធនាគារក្រុងបាងកកតែម្តង។

គួរបញ្ជាក់ផងដែរថា លោកថាក់ស៊ីន​ បានរត់ភៀសខ្លួនចេញពីប្រទេស នៅក្នុងឆ្នាំ ២០០៨ មុនពេលត្រូវបានកាត់ទោសដោយតុលាការកំពូល ពីបទរំលោភសិទ្ធិអំណាច ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញដីមួយកន្លែង ៕