ឥណ្ឌូនេស៊ី ដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់រូបិយប័ណ្ណគ្រីបតូ ដំបូងបំផុតក្នុងប្រទេស

អន្តរជាតិ

ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ី និងទីភ្នាក់ងារនិយតកម្មជួញដូរនាពេលអនាគត (Bappebti) បានបើកដាក់ឱ្យដំណើរការ Crypto Assets Futures Exchange ដែលជាប្រព័ន្ធទូទាត់រូបិយប័ណ្ណគ្រីបតូដំបូងគេបំផុត នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណ:នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ការធានាសុវត្ថិភាព ដល់អ្នកវិនិយោគ នៅក្នុងទ្រព្យសកសម្មគ្រីបតូ ក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នោះ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan បាននិយាយថា ការបង្កើតប្រព័ន្ធទូទាត់នេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការផ្តល់ជូននូវភាពប្រាកដប្រជាលើវិស័យអាជីវកម្ម និងការបង្កើតប្រព័ន្ធអេកូពាណិជ្ជកម្មទ្រព្យសកម្មគ្រីបតូ។

លោក Zulkifli បានបន្ថែមទៀតថា ប្រព័ន្ធទូទាត់ដែលទើបនឹងដាក់ឱ្យដំណើរការនេះ នឹងផ្តល់នូវបទប្បញ្ញត្តិច្បាស់លាស់ ដើម្បីការពារប្រជាជន ក្នុងនាមជាអ្នកប្រើប្រាស់ និងផ្តល់ឱ្យពួកគេនូវអារម្មណ៍សុវត្ថិភាព ក្នុងពេលធ្វើប្រតិបត្តិការជួញដូរគ្រីបតូ ដែលអាចរួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេស។

ជម្រាបជូនផងដែរថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ នេះ ចំនួនមនុស្សដែលវិនិយោគលើគ្រីបតូ ក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៧,៥៤ លាននាក់ ឬជាមធ្យមកើនឡើង ៤៩០ ០០០ នាក់ ក្នុងមួយខែ។ ហើយចំពោះការកើនឡើងនេះ ហាក់កំពុងតែធ្វើឱ្យមនុស្សកាន់តែច្រើនឡើង ចាប់អារម្មណ៍ក្នុងការវិនិយោគទៅលើគ្រីបតូ បន្ថែមទៀត៕