ក្រុមហ៊ុនថាមពលថៃ PTT គ្រោងបោះទុន ១០០លានដុល្លារ សង់ឃ្លាំងស្តុកប្រេងនៅកម្ពុជា

អន្តរជាតិ

ក្រុមហ៊ុន PTT Oil and Retail ( PTTOR) គ្រោងនឹងចំណាយទឹកប្រាក់ចំនួន ១០០លានដុល្លារ ដើម្បីសាងសង់ឃ្លាំងស្តុកប្រេង នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានចាប់ដៃវិនិយោគរួមគ្នា នៅក្នុងសេវាកម្មចាក់បំពេញប្រេងយន្តហោះ ជាមួយក្រុមហ៊ុនក្នុងស្រុក។ នេះបើតាមប្រធាន និងជានាយកប្រតិបត្តិ លោក Disathat Panyarachun បានបង្ហើបឱ្យដឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញថា ក្រុមហ៊ុនលក់រាយប្រេងដ៏ធំរបស់ប្រទេសថៃមួយនេះ មានគោលបំណងបម្រើដល់ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោយជំងឺកូវីដ-១៩ ក៏ដូចជាចង់បន្តពង្រីកអាជីវកម្មរបស់ខ្លួន នៅក្រៅប្រទេសបន្ថែមទៀត។

នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន PTTOR រួមទាំងក្រុមហ៊ុន China National Aviation Fuel Intermantional Holdings និង Total Energies Marketing (កម្ពុជា) បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ ដែលមានឈ្មោះថា Phnom Penh Aviation Fuel Service Co ដើម្បីដំណើរការអាជីវកម្មចាក់បំពេញប្រេងយន្តហោះ នៅអាកាសយានដ្ឋានថ្មី ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុនទាំងបី ទទួលបានចំណែកភាគហ៊ុនស្មើៗគ្នា នៅក្នុងគម្រោងនេះ ជាមួយនឹងការបណ្តាក់ទុនវិនិយោគ ៣៣,៣៣% ពីសំណាក់ក្រុមហ៊ុននីមួយៗ ។

លោក Disathat បាននិយាយថា ការសាងសង់កន្លែងចាក់បំពេញប្រេង បានរួចរាល់ ៨០% ហើយ ដោយគ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ​ ខណ:ពេលដែល ក្រុមហ៊ុន PTTOR ចង់បន្ថែមតម្លៃដល់អាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះ បានពង្រីកស្ថានីយប្រេងឥន្ធន:រហូតដល់ ១៧០ នៅទូទាំងប្រទេស ៕