ក្រុមហ៊ុន H&M ប្រកាសថានឹងបញ្ឈប់ការទិញចូលសម្លៀកបំពាក់ពីរោងចក្រនៅមីយ៉ាន់ម៉ា

អន្តរជាតិ

ក្រុមហ៊ុនលក់សម្លៀកបំពាក់ធំបំផុតលំដាប់ទីពីររបស់ពិភពលោក H&M ថ្មីៗនេះ បានសម្រេចចិត្តថានឹងបញ្ឈប់ការទិញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ករណីរំលោភបំពានទៅលើកម្លាំងពលកម្ម នៅរោងចក្រកាត់ដេរ បានកើនឡើងខ្លាំង ក្នុងប្រទេសនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

H&M បានក្លាយជាក្រុមហ៊ុនម៉ាកយីហោចុងក្រោយមួយ ដែលប្រកាសថានឹងកាត់ផ្តាត់ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពី Inditex ដែលជាម្ចាស់របស់ក្រុមហ៊ុន Zara រួមទាំង Primark, Marks & Spencer និងក្រុមហ៊ុនដទៃមួយចំនួនទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ជុំវិញការសម្រេចចិត្តចាកចេញ របស់ក្រុមហ៊ុនធំៗមួយចំនួននេះ គឺដើម្បីធានាបានថាពួកគេមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងការរំលោភបំពានទាំងនេះ ពោលគឺចាប់តាំងពីរដ្ឋប្រហារយោធា បានកើតឡើងនៅខែកុម្ភ: ឆ្នាំ ២០២១ មក ដែលបានធ្វើឱ្យមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ និងមនុស្សធម៌ ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។

ក្រុមហ៊ុន H&M បាននិយាយនៅក្នុងសារមួយកាលពីថ្ងៃព្រហស្បតិ៍ថា ៖ “​បន្ទាប់ពីធ្វើការពិចារណាយ៉ាងប្រុងប្រយ័ត្ន ឥឡូវនេះយើងបានសម្រេចចិត្តហើយថា នឹងបញ្ឈប់ប្រតិបត្តិការរបស់យើងជា​បណ្តើ​រៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ” ។

ជម្រាបជូនផងដែរថា កាលពីថ្ងៃពុធ H&M បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើករណី ដែលត្រូវបានចោទប្រកាន់ចំនួន ២០ នៃការរំលោភបំពានការងារនៅក្នុងរោងចក្រកាត់ដេរមីយ៉ាន់ម៉ា ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់ខ្លួន ខណ:អង្គការក្រៅរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា​ករណីនៃការរំលោភបំពានក្នុងប្រទេសនេះ បានកើនឡើងខ្លាំង ដោយក្នុងនោះរួមមាន ការលួច​កេង​វ័ញ្ច​ប្រាក់ឈ្នួល​ និងការបង្ខិតបង្ខំឱ្យធ្វើការថែមម៉ោង ជាដើម៕