ចំពោះមុខអាស៊ាន កូរ៉េខាងត្បូងព្រមានមិនឲ្យមានកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង

អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានទៅកាន់គ្រប់ភាគី ហាមមិនឲ្យមានការចូលរួមកិច្ចសហប្រតិបត្តិការយោធា ជាមួយកូរ៉េខាងជើងឡើយ ហើយបើសិនជារកឃើញ នឹងទទួលរងទណ្ឌកម្មខ្លាំងបំផុត ដោយសារវាធ្វើឲ្យប៉ះពាល់ដល់សន្តិភាពនៃសមាគមអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យប្រធានាធិបតី Lee Do-woon បានបញ្ជាក់ថា លោក Yoon លើកឡើងបែបនេះ អំឡុងពេលកិច្ចប្រជុំកូរ៉េខាងត្បូង និងអាស៊ាន ខណៈវាក៏ជាការព្រមានមួយផងដែរ ក្រោយលឺពីដំណឹងទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គ្រោងបំពេញទស្សនកិច្ចទៅរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Korea JoongAng Daily។

បន្ថែមពីនោះ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានឆ្លៀតឱកាសយកវេទិកាកិច្ចប្រជុំកំពូលអាស៊ាន ដាក់សម្ពាធកូរ៉េខាងជើងកាន់តែខ្លាំងជាងមុនថែមទៀត ដោយបានទទូចសុំឲ្យមានការអន្តរាគមន៍ ពីសមាគមអន្តរជាតិ លុបចោលនូវកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងថែមទៀត។

សូមជម្រាបបន្ថែមថា ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ប្រៀបដូចជាទឹក និងប្រេង ហើយមួយរយៈចុងក្រោយនេះ ស្ថានការណ៍កាន់តែពិបាកស្មាន បន្ទាប់ពីកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាជាមួយអាមេរិក ហើយកូរ៉េខាងជើងគម្រាមបាញ់គ្រាប់មីស៊ីល ដោយអះអាងថា ជាការការពារបូរណភាពទឹកដីរបស់ខ្លួន៕