ថៃ ចាប់ផ្តើមអនុម័តវិធានការកាត់បន្ថយតម្លៃប្រេងឥន្ធន: និងអគ្គិសនី

អន្តរជាតិ

រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ នៅថ្ងៃពុធទី១៣ ខែកញ្ញានេះ បានធ្វើការអនុម័តទៅលើវិធានការជាច្រើន ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច រួមទាំងការកាត់បន្ថយតម្លៃប្រេងឥន្ធន: អគ្គិសនី និងផ្អាកការទូទាត់បំណុល សម្រាប់កសិករ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nations ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្ត្រីថ្មី លោក Srettha Thavisin បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណ:រដ្ឋមន្ត្រីលើកដំបូងរបស់លោក នៅថ្ងៃពុធនេះថា រដ្ឋាភិបាលនឹងការបន្ថយតម្លៃប្រេងឥន្ធន: ឱ្យចុះមកនៅក្រោម ៣០បាត ក្នុងមួយលីត្រ ដោយនឹងចាប់ផ្តើមពីថ្ងៃទី ២០ ខែកញ្ញា រហូតដល់ដំណាច់ឆ្នាំនេះ ស្របពេលអគ្គិសនី ក៏នឹងត្រូវបញ្ចុះតម្លៃដូចគ្នា ។

បន្ថែមពីនេះ រដ្ឋាភិបាលថ្មីរបស់លោក Srettha ក៏បានធ្វើការអនុម័តវិធានការថ្មីមួយផ្សេងទៀតផងដែរ ដោយនឹងអនុញ្ញាឱ្យកសិករផ្អាកការសងបំណុលរយ:ពេល ៣ ឆ្នាំ ហើយនឹងត្រូវចាប់ផ្តើម នៅក្នុងត្រីមាសទីបួន នៃឆ្នាំនេះ ។

ទន្ទឹមនឹងការអនុវត្តផែនការពន្យារបំណុល ដែលបានសន្យានោះ លោក Srettha បាននិយាយទៀតថា រដ្ឋាភិបាល ក៏នឹងបន្តលើកកម្ពស់ការចែករំលែកចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាថ្មី​ ដើម្បីអាចឱ្យកសិករកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ បន្ថែមទៀត ៕