រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងទាក់ទាញបណ្តាក្រុមហ៊ុនថៃ ឱ្យមកបណ្តាក់ទុនក្នុងរដ្ឋធានីថ្មី

អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងដាក់ចេញនូវវិធានការលើកទឹកចិត្តជាច្រើន ដើម្បីទាក់ទាញបណ្តាក្រុមហ៊ុនថៃ ឱ្យមកបណ្តាក់ទុន នៅក្នុងរដ្ឋធានីថ្មី Nusantara របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះការលើកទឹកចិត្តនេះ ត្រូវបានប្រកាសដោយអនុប្រធានផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ ស្ថិតក្រោមអាជ្ញាធររដ្ឋធានី Nusantara លោក Agung Wicaksono ក្នុងអំឡុងវេទិកាធុរកិច្ច ២០២៣ ស្តីពីឱកាសវិនិយោគនៅ Nusantara រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី ។

លោក Wicaksono បាននិយាយទៀតថា ទីក្រុង Nusantara នឹងក្លាយជារដ្ឋធានីរដ្ឋបាលរបស់ប្រទេស និងជាចំណុចកណ្តាលសម្រាប់កំណើនសេដ្ឋកិច្ចសម្រាប់ឥណ្ឌូនេស៊ី និងតំបន់អាស៊ីអាគ្នេយ៍ កាន់តែទូលំទូលាយ។

ដោយជំរុញឱ្យអ្នកវិនិយោគថៃ ចូលរួមជាមួយក្រុមហ៊ុនមកពីប្រទេសជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរីក្នុងការអភិវឌ្ឍទីក្រុងថ្មីនេះ លោក Wicaksono សង្កត់ធ្ងន់ទៀតថា យើងនឹងចាប់ផ្តើមសាងសង់ការិយាល័យរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ ហើយយើងនឹងធ្វើឱ្យវាក្លាយជាទីក្រុងឆ្លាតវៃ និងមាននិរន្តរភាព ។​

នៅចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ អ្នកវិនិយោគថៃ បានចាក់បញ្ចូលទឹកប្រាក់ចំនួន ១,៥២ពាន់លានដុល្លារអាមេរិក នៅក្នុងគម្រោងប្រហែល ១​ ៥០០​ នៅទូទាំងប្រទេសឥណ្ឌូនេស៊ី។

គិតមកទល់ពេលនេះ មានក្រុមហ៊ុនចំនួន ២៨៤ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅក្នុងរដ្ឋធានីថ្មីនេះ រួមទាំង ២៧ ក្រុមហ៊ុន មកពីប្រទេសសិង្ហបុរី ២៥ ក្រុមហ៊ុន មកពីប្រទេសជប៉ុន និង ១៩ ក្រុមហ៊ុន មកពីប្រទេសម៉ាឡេស៊ី៕