ឥណ្ឌូនេស៊ី បង្ហើបពីគម្រោងក្នុងការពង្រីកផ្លូវរថភ្លើងល្បឿនលឿនរបស់ខ្លួនបន្ថែមទៀត

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី លោក Budi Karya Sumadi បានបង្ហើបឱ្យដឹងថា ប្រទេសរបស់ខ្លួន មានគម្រោងក្នុងការពង្រីកខ្សែរថភ្លើងល្បឿនលឿន Jakarta-Bandung បន្ថែមទៀត ដោយនឹងត្រូវតភ្ជាប់ទៅកាន់ទីក្រុង Surabaya ក្នុងខេត្ត East Java ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sumadi បាននិយាយ នៅឯខាងក្រៅពិធីសម្ពោធផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២ ខែតុលា ថា រដ្ឋាភិបាលមានគម្រោងក្នុងការពង្រីកខ្សែរថភ្លើងល្បឿនលឿនបន្ថែមទៀត ដោយនឹងត្រូវតភ្ជាប់ពីទីក្រុងហ្សាកាតា ទៅកាន់ទីក្រុង Surabaya សម្រាប់រយ:ពេលធ្វើដំណើរត្រឹមតែ ៣ម៉ោងកន្លះប៉ុណ្ណោះ បើធៀបនឹងរថភ្លើងធម្មតា ដែលចំណាយពេលដល់ទៅ ១១ម៉ោង។

លោក Sumadi បាននិយាយទៀតថា ៖ ” រថភ្លើងល្បឿនលឿន Jakarta-Bandung (KCJB) ត្រូវការពេលត្រឹមតែ ២៩ នាទីប៉ុណ្ណោះ ដើម្បីទៅដល់ស្រុក Padalarang ក្នុងខេត្ត West Java ។ ហើយប្រសិនបើយើងពង្រីកផ្លូវនេះបន្ថែមទៀត វាអាចរត់ទៅដល់ទីក្រុង Surabaya ក្នុងរយៈពេលត្រឹមតែ ៣ ទៅ ៣ម៉ោងកន្លះប៉ុណ្ណោះ ” ។

ជម្រាបជូនផងដែរថា ផ្លូវដែកល្បឿនលឿន Jakarta-Bandung ដែលមានប្រវែង ១៤២ គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងក្នុងតម្លៃប្រមាណ ៧,៣ពាន់លានដុល្លារ ជាមួយនឹងល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងដើរដោយថាមពលអគ្គិសនីនេះ ជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងធំទាំងពីរ ពី ៣ម៉ោង មកត្រឹមតែ ៤៥នាទីប៉ុណ្ណោះ៕