ការលក់វីឡាប្រណីតៗ តម្លៃរាប់សិបលានដុល្លារ នៅទីក្រុងឌុយបៃ កើនឡើងខ្ពស់ក្នុងត្រីមាសទី៣

អន្តរជាតិ

ការលក់ផ្ទះវីឡាប្រណីតៗ នៅក្នុងទីក្រុងឌុយបៃ បានកើនឡើងដល់ប្រហែល ១,៦ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ ពោលគឺបានកើនឡើងពីចំនួន ១,១៣ពាន់លានដុល្លារ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងឌុយបៃ ត្រូវបានគេមើលឃើញថាហាក់មានការរីកដុះដាលយ៉ាងខ្លាំង ក្នុងរយ:ពេលចុងក្រោយនេះ ដោយសារតែបណ្តាក្រុមអ្នកមានទ្រព្យសម្បត្តិជាច្រើន នាំគ្នាផ្អើលទិញលំនៅឋានបែបវីឡាប្រណីតៗ និងមានតម្លៃរាប់សិបលានដុល្លារ ។

លោក Faisal Durrani ដែលជាប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យ ប្រចាំនៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក របស់ក្រុមហ៊ុន Knight Frank បាននិយាយថា តម្រូវការវីឡាប្រណីតៗលំដាប់អភិជន នៅក្នុងទីក្រុងឌុយបៃ នៅតែមានភាពរឹងមាំខ្លាំង ខណ:ការផ្គត់ផ្គង់នៅតែមិនអាចបំពេញតាមតម្រូវការបាន ។

យោងតាមរបាយការណ៍ពី ក្រុមហ៊ុន Knight Frank បានបង្ហាញឱ្យដឹងទៀតថា ចំនួនសរុបនៃការលក់វីឡាប្រណីត ដែលមានតម្លៃជាង ១០លានដុល្លារ ក្នុងរយ:ពេល ៩ខែចុងក្រោយនេះ បានកើនឡើងខ្ពស់បំផុតដល់ចំនួន ២៧៧ ខ្នង ខណ:ទីក្រុងឌុយបៃ បានឈរនៅលើគេ ក្នុងចំណោមទីផ្សារលំនៅឋានកំពូលៗផ្សេងទៀត ដូចជាទីក្រុងញូវយ៉ក ហុងកុង និងទីក្រុងឡុងដ៏ ជាដើម៕