ថៃ ដាក់គោលដៅទាញឱ្យបានជាង ៣២ពាន់លានដុល្លារ ពីពាណិជ្ជកម្មឆ្លងដែន នៅឆ្នាំក្រោយ

អន្តរជាតិ

ក្រសួងពាណិជ្ជកម្មថៃ បានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងខ្ពស់ ក្នុងការបង្កើនទំហំពាណិជ្ជកម្មឆ្លងដែន ឱ្យដល់ ១,២ទ្រីលានបាត (៣២,៣ពាន់លានដុល្លារ) នៅឆ្នាំ ២០២៤ ខាងមុខ ពោលគឺកើនឡើង ២០% ពីចំនួនប៉ាន់ស្មាន ១ទ្រីលានបាត នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Napintorn Srisunpang ដែលទទួលបន្ទុកត្រួតពិនិត្យនាយកដ្ឋានអភិវឌ្ឍពាណិជ្ជកម្ម នាយកដ្ឋានចរចាពាណិជ្ជកម្ម និងនាយកដ្ឋានពាណិជ្ជកម្មបរទេស បានបង្ហាញឱ្យដឹងថា ក្រសួងគ្រោងនឹងសម្រេចគោលដៅធំនេះ ជាមួយនឹងការជំរុញផលិតផលសហគមន៍ផ្សេងៗ ក៏ដូចជាផលិតផលសម្គាល់ភូមិសាស្ត្រ និងសិទ្ធិផ្តាច់មុខ។

លោក Napintorn បានបន្តទៀតថា ក្រសួងក៏នឹងរៀបចំការតាំង​ពិព័រណ៍​ និងព្រឹត្តិការណ៍ផ្គូផ្គងពាណិជ្ជកម្ម ដោយអញ្ជើញមន្ត្រីមកពីប្រទេសជិតខាង និងសមាគមពាណិជ្ជកម្មបរទេស ដើម្បីពិភាក្សាបន្ថែមអំពីវិធីកាត់បន្ថយរនាំងពាណិជ្ជកម្ម។

” ទោះបីជានៅតែមានការព្រួយបារម្ភអំពីអំណាចទិញ របស់ប្រទេសជិតខាងដូចជាមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចក៏ដោយ តែយើងជឿជាក់ថាទំនិញប្រើប្រាស់របស់ប្រទេសថៃ នៅតែពេញនិយមនៅក្នុងប្រទេសទាំងនោះ ដោយផ្អែកលើគុណភាព និងតម្លៃសមរម្យ។ ហើយយើង​ក៏​នឹង​ជំរុញបន្ថែម ទៅលើ​ពាណិជ្ជកម្ម​ឆ្លងដែន​ជាមួយ​ចិន​ផង​ដែរ”។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Napintorn ។

ជុំវិញគោលដៅដ៏ធំនេះ លោក Napintorn បាននិយាយកាលពីសប្តាហ៍មុនថា លោកបានចាត់ឱ្យនាយកដ្ឋានចរចាពាណិជ្ជកម្ម ពន្លឿនការចរចាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ (FTAs) រួមទាំងជាមួយការចរចាជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប សហភាពអឺរ៉ុប អារ៉ាប់រួម និងស្រីលង្កា។

បន្ថែមពីនេះ មន្ត្រីចរចារពាណិជ្ជកម្ម ក៏ត្រូវបានចាត់តាំងឱ្យជួបជាមួយភាគីម៉ាឡេស៊ី កម្ពុជា ឡាវ ចិន និងចក្រភពអង់គ្លេស តាមរយៈគណៈកម្មាធិការពាណិជ្ជកម្មរួមមួយ ដើម្បីពន្លឿនការដោះស្រាយរនាំងពាណិជ្ជកម្ម និងការពង្រីកទីផ្សារបន្ថែមទៀត ក៏ដូចជាសិក្សាពីអត្ថប្រយោជន៍ និងគុណវិបត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយទីផ្សារថ្មីៗ នៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន ផងដែរ៕