ស្ដេចត្រាញ់គីមីឥន្ធនៈមួយរូប ក្លាយជាអ្នកមានដាច់គេប្រចាំឥណ្ឌូណេស៊ី

អន្តរជាតិ

លោក Prajogo Pangestu បច្ចុប្បន្នមានវ័យ ៧៩ឆ្នាំ បានក្លាយជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេស​ឥណ្ឌូណេស៊ី ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៤០ពាន់លានដុល្លារ កើនឡើងច្រើនជាង ៧ដង បើធៀបនឹងពេលលោកលេចមុខក្នុងបញ្ជីអ្នកមាន Forbes កាលពីដើមឆ្នាំ ដែលកាលនោះមានលុយត្រឹម ៥,៣ពាន់លានដុល្លារប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Pangestu គឺមានច្រើនជាងដាច់ លោក Low Tuck Kwong ដែលស្ថិតនៅលេខរៀងទី២ នៃបញ្ជីឈ្មោះអ្នកមានបំផុតនៅឥណ្ឌូណេស៊ី ពោលលោក Kwong មានទ្រព្យសម្បត្តិ ២៦,៥ពាន់លានដុល្លារ។

ការកើនឡើងដ៏សំបើមនៃទំហំទ្រព្យសម្បត្តិរបស់លោក Pangestu គឺ ដោយសារតម្លៃភាគហ៊ុន​នៃក្រុមហ៊ុន Barito Renewables Energy ដែលទើបចុះបញ្ជីផ្សារហ៊ុនកាលពីខែមុន មានការកើនឡើងកប់ពពក ពោលកើនរហូតដល់ ៥ដងឯណោះ ដែលធ្វើស្ដេចត្រាញ់​គីមីឥន្ធនៈ​រូបនេះទទួលបានផលចំណេញយ៉ាងច្រើន។

សូមជម្រាបដែរថា មហាសេដ្ឋីមានបំផុតនៅឥណ្ឌូណេស៊ីរូបនេះ គឺមានដើមកំណើតពីកូន​អ្នកជួញដូរកៅស៊ូ ហើយចាប់ផ្ដើមអាជីវកម្មដំបូងក្នុងចុងទសវត្សឆ្នាំ ១៩៧០ ជាអ្នកជួញដូរកៅស៊ូ តាមឪពុកម្ដាយ។

ក្រោយមកក្នុងឆ្នាំ១៩៩៣ លោកបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Barito Pacific Timber ប៉ុន្តែបានប្ដូរឈ្មោះទៅជា Barito Pacific បន្ទាប់ពីមានការបែងចែករចនាសម្ព័ន្ធក្រុមហ៊ុន។

លុះដល់ឆ្នាំ២០០៧ លោក Pangestu បានកាប់កាន់ចំណែគភាគហ៊ុនគីមីឥន្ធនៈ Chandra Asri រហូតដល់ ៧០% ហើយក្នុងឆ្នាំ២០១១ លោកបានបង្រួមក្រុមហ៊ុននេះ ជាមួយក្រុមហ៊ុន Tri Polyta Indonesia ដើម្បីបង្កើតបានជាក្រុមហ៊ុនផលិតគីមីឥន្ធនៈ ធំបំផុតប្រចាំប្រទេស៕