ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅចិនរយៈពេល ៤ថ្ងៃ

អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី លោក Lawrence Wong បានចាប់ផ្ដើមបំពេញទស្សនកិច្ចទៅប្រទេសចិន រយៈពេល ៤ថ្ងៃ ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែធ្នូ ខណៈនេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ក្នុងនាមលោកជាសហប្រធាន នៃក្រុមប្រឹក្សារួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ហៅកាត់ JCBC ដែលជាកិច្ចប្រជុំកំពូលទ្វេភាគីធំបំផុតរវាងប្រទេសទាំង២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កិច្ចប្រជុំ JCBC លើកទី១៩ សារនេះ នឹងធ្វើឡើងនៅទីក្រុងធានជីង នាថ្ងៃទី៧ ខែធ្នូ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី និងឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang។

គួររំលឹកបន្តិចថា សម្រាប់កិច្ចប្រជុំ JCBC កាលពីឆ្នាំមុន សិង្ហបុរី និងចិន សម្រេចបានកិច្ចព្រមព្រៀង ១៩ ដែលគ្របដណ្ដប់លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក ការផ្លាស់ប្ដូរទេសចរណ៍ ការអភិវឌ្ឍន៍ថាមពលបៃតង និងហិរញ្ញវត្ថុបៃតងជាដើម។

បន្ថែមពីនោះ អំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង លោក Wong ក៏មានគម្រោង​បើកកិច្ចប្រជុំក្រៅផ្លូវការជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ឧបនាយករដ្ឋមន្ត្រី លោក He Lifeng និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Lan Fo’an ផងដែរ។

សូមជម្រាបបន្ថែមថា បច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសចិន និងសិង្ហបុរី កំពុងមានសន្ទុះយ៉ាងល្អ បន្ទាប់ពីនាយករដ្ឋមន្ត្រី Lee Hsien Loong និងមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង បានជួប​ពិភាក្សាគ្នាកាលពីខែមីនា នៅទីក្រុងប៉េកាំង៕