ហេតុផលចម្បង ៧ចំណុចធំៗ ធ្វើឲ្យវៀតណាមក្លាយជាប្រទេសទាក់ទាញការវិនិយោគធំបំផុតនៅអាស៊ាន

អន្តរជាតិ

វៀតណាមជាទីផ្សារធំបំផុតទីបីក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូលាស់លឿនបំផុតនៅក្នុងពិភពលោក។ ទន្ទឹមនឹងនេះ វៀតណាមក៏បានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់វិនិយោគិនបរទេស ដោយសារតែបរិយាកាសធុរកិច្ចអំណោយផល កំណើនសេដ្ឋកិច្ចមានស្ថិរភាព ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរប្រព័ន្ធគោលនយោបាយជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Offshore បានបង្ហាញពីហេតុផល និងគុណសម្បត្តិធំៗមួយចំនួន៧ដែលធ្វើឲ្យវៀតណាម ក្លាយជាប្រទេសទាក់ទាញការវិនិយោគធំបំផុត នៅតំបន់អាស៊ាន ដូចខាងក្រោម៖

១. ទីតាំងយុទ្ធសាស្ត្រ

ដោយស្ថិតនៅកណ្តាលតំបន់អាស៊ាន វៀតណាមមានទីតាំងយុទ្ធសាស្ត្រដ៏អំណោយផលបំផុតមួយ នៅក្នុងការវិនិយោគ។ ប្រទេសនេះ ស្ថិតនៅជិតទីផ្សារធំៗផ្សេងទៀតក្នុងតំបន់អាស៊ី ជាពិសេសប្រទេសជិតខាងដែលជាមហាអំណាចសេដ្ឋកិច្ចធំទីបំផុតរបស់ពិភពលោក គឺមហាយក្សចិន។ ជាមួយគ្នានេះឆ្នេរសមុទ្រដ៏វែងរបស់វៀតណាម គឺនៅជិតផ្លូវដឹកជញ្ជូនសំខាន់ៗរបស់ពិភពលោក ដែលផ្តល់នូវលក្ខខណ្ឌដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើពាណិជ្ជកម្ម ខណ:ទីក្រុងធំៗចំនួនពីរគឺ ហាណូយ និងទីក្រុងហូជីមិញ អាចផ្តល់ឱកាសក្នុងការធ្វើពាណិជ្ជកម្ម វិនិយោគបានយ៉ាងងាយស្រួលបំផុត។

២. ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម

វៀតណាម បាននិងកំពុងធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញតិ្តជាច្រើនដើម្បីធ្វើឲ្យការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន កាន់តែមានតម្លាភាព ស្របពេលការធ្វើអាជីវកម្មក៏កាន់តែមានភាពងាយស្រួលខ្លាំង ដោយរដ្ឋាភិបាលវៀតណាមបានធ្វើឲ្យនីតិវិធីនៃការទទួលបានថាមពលអគ្គិសនីមកប្រើប្រាស់ និងការបង់ពន្ធកាន់តែងាយស្រួល ។

៣. កិច្ចព្រមព្រៀងពាណិជ្ជកម្ម

កក្តាសំខាន់មួយផ្សេងទៀតចំពោះការបើកចំហរសេដ្ឋកិច្ចពិភពលោកគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ដែលវៀតណាមបានចុះហត្ថលេខាដើម្បីធ្វើឲ្យមានទីផ្សារសេរីកាន់តែច្រើន ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសក្នុងតំបន់អាស៊ាន (AFTA), សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO), កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (BTA) ជាមួយសហរដ្ឋអាមេរិក និងកិច្ច ព្រមព្រៀង ពាណិជ្ជកម្ម សេរី ជាមួយ សហភាព អឺរ៉ុប ជាដើម។ កិច្ចព្រមព្រៀងទាំងអស់នេះហើយបានបង្ហាញថា វៀតណាមមានបំណងចង់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ហើយនឹងបន្តការប្តេជ្ញាចិត្តឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃផ្សេងទៀត។

៤. ស្ថិរភាពនៃកំណើន GDP

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចរបស់វៀតណាម គឺមានល្បឿនលឿនបំផុតមួយនៅក្នុងពិភពលោក។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ បានចាប់ផ្តើមដោយសារកំណែទម្រង់សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៨៦ ហើយមានការកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីពេលនោះមក។ គិតត្រឹមឆ្នាំ ២០២៣ នេះ វៀតណាម មានកំណើន GDP ៤,៧% បើធៀបជាមួយនឹងឆ្នាំមុន ដល់ចំនួនទឹកប្រាក់ប្រមាណ ៤៣៣,៣ពាន់លានដុល្លារអាមេរិក។

៥. ការបើកចំហចំពោះការវិនិយោគពីបរទេស

គុណសម្បត្តិភូមិសាស្រ្ត និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើន មិនមែនជាលក្ខណៈទាក់ទាញតែមួយគត់សម្រាប់អ្នកវិនិយោគនោះទេ។ វៀតណាមជានិច្ចកាលតែងស្វាគមន៍ចំពោះការវិនិយោគផ្ទាល់ពីបរទេស (FDI) និងលើកទឹកចិត្តដោយការដាក់ចេញបទប្បញ្ញត្តិថ្មីជាប់ជានិច្ច និងផ្តល់ការលើកទឹកចិត្តច្រើនចំពោះ FDI។

៦. វៀតណាម អាចក្លាយជាប្រទេសចិនទីពីរ

ការកើនឡើងនៃតម្លៃពលកម្មនៅក្នុងប្រទេសចិន បានធ្វើឱ្យតម្លៃផលិតផលកើនឡើងខ្លាំងផងដែរ ដែលនេះហាក់កំពុងផ្តល់ឱកាសដល់វៀតណាម ដើម្បីក្លាយជាមជ្ឈមណ្ឌលបន្ទាប់សម្រាប់ការផលិតទំនិញដែលពឹងផ្អែកលើកម្លាំងពលកម្ម។ ឧស្សាហកម្មដែលធ្លាប់រីកចម្រើនក្នុងប្រទេសចិនឥឡូវ កំពុងងាកទៅរកប្រទេសវៀតណាមជា បណ្តើៗហើយ។

៧. ការកើនឡើងនៃចំនួនប្រជាជន

ជាមួយនឹងចំនួនប្រជាជនជាង ៩៨ លាននាក់ វៀតណាមជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី ១៦ នៅលើពិភពលោក។ ហើយជាមួយនឹងការកើនឡើងនៃចំនួនប្រជាជន វណ្ណៈកណ្តាលរបស់វៀតណាម លឿនជាងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតផងនោះ វានឹងកាន់តែធ្វើឲ្យវៀតណាមក្លាយជាគោលដៅរកប្រាក់ចំណេញ សម្រាប់វិនិយោគិនបរទេសផងដែរ៕