១១ខែឆ្នាំនេះ ជប៉ុនស្វាគមន៍ទេសចរបរទេសជាង ២២លាននាក់

អន្តរជាតិ

សារព័ត៌មាន Kyodo បានចុះផ្សាយដោយដកស្រង់ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន ដែលបានបង្ហាញកាលពីថ្ងៃពុធកន្លងទៅថា​ ចំនួនអ្នកទេសចរបរទេសដែលបានមកកម្សាន្តនៅប្រទេសជប៉ុនក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣នេះ មានចំនួនប្រមាណ ២២,៣៣លាននាក់ ខណៈចំនួននេះកើនឡើងរហូតដល់ ២០លាននាក់ជាលើកដំបូង ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺរាតត្បាត កាលពីក្នុងឆ្នាំ២០១៩ មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអង្គការទេសចរណ៍ជាតិជប៉ុន បានកត់ត្រាអំពីតួលេខនៅខែវិច្ឆិកា ដែលមានភ្ញៀវទេសចរបរទេសប្រមាណ ២ ៤៤០ ៨០០នាក់ បន្ទាប់ពីមានការកើនឡើងគួរឲ្យកត់សំគាល់ នៃចំនួនអ្នកទេសចរដែលធ្វើដំណើរមកពីអាស៊ី និងអាមេរិកខាងជើង ចំពេលដែលប្រាក់យ៉ន់កំពុងធ្លាក់ចុះថោក ក៏ដូចជាការបន្តសេវាកម្មក្រុមហ៊ុនអាកាសចរណ៍។

ជាមួយគ្នានេះដែរ នៅក្នុងចំណោមការមកដល់របស់ភ្ញៀវបរទេសនៅខែវិច្ឆិកា ទេសចរដែលមកកម្សាន្តច្រើនបំផុតនៅក្នុងប្រទេសជប៉ុន គឺមកពីប្រទេសកូរ៉េខាងត្បូងចំនួន ៦៥៩ ៩០០នាក់ បន្ទាប់មកគឺតៃវ៉ាន់ចំនួន ៤០៣ ៥០០នាក់ ចិនចំនួន ២៥៨ ៣០០នាក់ និងហុងកុងចំនួន ២០០ ៤០០នាក់ ខណៈការមកដល់របស់ភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិកមានចំនួនប្រមាណ ១៨៤ ៨០០នាក់ ស្របពេលទេសចរមកពីម៉ិកស៊ិកមានចំនួនត្រឹម ៩ ៩០០នាក់ និងភ្ញៀវមកពីកាណាដាវិញមានចំនួន ៣៩ ០០០នាក់។

ដោយឡែក ចំនួនជនជាតិជប៉ុន ដែលធ្វើដំណើរទៅក្រៅប្រទេស ក្នុងខែវិច្ឆិកាមានចំនួន ១ ០២៧ ១០០នាក់ តិចជាង៣៧,៥% បើធៀបនឹងខែដូចគ្នាកាលពីក្នុងឆ្នាំ២០១៩៕