ក្រុមហ៊ុនបុត្រសម្ព័ន្ធ Toyota ប្រកាសផ្អាកការផលិតក្នុងស្រុកទាំងស្រុង ក្រោយកើតរឿងអាស្រូវ

អន្តរជាតិ

ក្រុមហ៊ុនរថយន្ត Daihatsu របស់ប្រទេសជប៉ុន បានធ្វើការផ្អាកការផលិតក្នុងស្រុកទាំងស្រុង ខណ:ក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ Toyota មួយនេះ កំពុងប្រឈមមុខជាមួយនឹងរឿងអាស្រូវចំពោះការធ្វើតេស្តសុវត្ថិភាពទ្រង់ទ្រាយធំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Daihatsu បានប្រាប់ទៅកាន់សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែធ្នូនេះថា ក្រុមហ៊ុនរបស់ខ្លួនដែលមានកម្មកររោងចក្រប្រហែល ៩ ០០០ នាក់ នៅក្នុងប្រទេសជប៉ុន បានបិទដំណើរការផលិតកម្មទាំងស្រុង ក្នុងចំណោមរោងចក្រសរុបទាំង៤ របស់ពួកគេ។

អ្នកនាំពាក្យរូបនេះ បាននិយាយទៀតថា ៖ “ការផលិតនឹងត្រូវផ្អាករហូតដល់ខែមករា ឆ្នាំក្រោយ។ យើងមិនទាន់អាចវាយតម្លៃបានច្បាស់ថា តើនៅពេលណាដែលផលិតកម្មក្នុងស្រុករបស់យើង អាចបន្តឡើងវិញនៅឡើយទេ”។

គួរឲ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Daihatsu បាននិយាយថា ខ្លួនបាននឹងកំពុងរៀបចំការធ្វើតេស្តសុវត្ថិភាពសារជាថ្មី ដែលវាបានធ្វើឲ្យមានផលប៉ះពាល់ខ្លាំងដល់រថយន្តចំនួន ៦៤ ម៉ូដែល រួមទាំងរថយន្តមួយចំនួនផ្សេងទៀតដែលត្រូវបានដាក់លក់ក្រោមម៉ាក Toyota ផងដែរ។

ជម្រាបជូនផងដែរថា ដោយបង្កើតឡើងក្នុងឆ្នាំ ១៩០៧ ក្រុមហ៊ុន Daihatsu ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ប្រទេសជប៉ុន បានចាប់ផ្តើមផលិតរថយន្តកង់បីដំបូងបំផុតរបស់ខ្លួននៅឆ្នាំ ១៩៣១ មុនពេលត្រូវបានក្រុមហ៊ុន Toyota ទិញយកទៅគ្រប់គ្រង នៅឆ្នាំ ១៩៦៧ ៕