អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ក្រោយទីក្រុងតេអេរ៉ង់ បន្តបាញ់មីស៊ីលផ្លោង

អន្តរជាតិ

ប្រទេសអារ៉ាប់រួម បានចោទប្រកាន់លើអ៊ីរ៉ង់ពីបទបាញ់មីស៊ីលផ្លោងបាលីស្ទីកចំនួនពីរគ្រាប់ដែលកំណត់គោលដៅនាវាលើដែនសមុទ្ររបស់ខ្លួន ហើយបានប្រកាសផ្អាករាល់ការធ្វើពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ ជាមួយទីក្រុងតេអេរ៉ង់។ នេះបើតាមការចុះផ្សាយ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការពារជាតិអារ៉ាប់រួម បានប្រកាសនៅថ្ងៃទី១៨ ខែសីហាថា ប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប់រួម (UAE) បានរកឃើញមីស៊ីលផ្លោងពីរគ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះមកទៅកាន់ទឹកដីរបស់ខ្លួន។ ដោយគ្រាប់ទីមួយធ្លាក់នៅខាងក្រៅដែនទឹករបស់ UAE និងគ្រាប់ទីពីរធ្លាក់ចូលទៅក្នុងដែនទឹករបស់ប្រទេសខ្លួន។

យ៉ាងណាមិញ នៅក្នុងការអាប់ដេតព័ត៌មានជាបន្តបន្ទាប់ ទីភ្នាក់ងារនេះបាននិយាយថា មីស៊ីលទាំងពីរគ្រាប់នេះ គឺបានកំណត់គោលដៅទៅលើសកម្មភាពនាវាចរណ៍នៅលើសមុទ្រ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រ។

នេះជាលើកដំបូងដែលអារ៉ាប់រួមបានចេញសេចក្តីថ្លែងការណ៍បែបនេះ ចាប់តាំងពីការជូនដំណឹងមិនពិតនៅក្នុងខែមិថុនា ក៏ដូចជាការព្រមានដែលចេញនៅក្នុងខែកក្កដាអំពីការវាយប្រហារដែលមិនបានចូលទៅក្នុងទឹកដីរបស់ខ្លួន។

គួរជម្រាបជូនផងដែរថា ដោយលើកឡើងពីភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ក្រសួងការបរទេសអារ៉ាប់រួម បានប្រកាសថាខ្លួនបានផ្អាករាល់សកម្មភាពពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ រហូតដល់មានការជូនដំណឹងបន្ថែម៕​