AirAsia ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានសុវត្ថិភាពបំផុតសម្រាប់ឆ្នាំ២០២៤

អន្តរជាតិ

គេហទំព័រ AirlineRating បានដាក់ពិន្ទុឲ្យក្រុមហ៊ុនអាកាសចរណ៍​ AirAsia Group រួមទាំងសាខាដឹកជញ្ជូន AirAsia X និង Thai AirAsia X ថាជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាប តែមានសុវត្ថិភាពបំផុតមួយនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bernama ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី៦ ខែមករា នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia លោក Bo Lingam បាននិយាយថា កត្តាសុវត្ថិភាពតែងតែជាអាទិភាពទីមួយ ដែលប៉ះពាល់ដល់ម៉ាក និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់។ ដូច្នេះហើយ ក្រុមហ៊ុនមានសេចក្តីរំភើបរីករាយដែលត្រូវបានទទួលស្គាល់សារជាថ្មីម្តងទៀត ថាជាក្រុមហ៊ុនល្អបំផុតរបស់ពិភពលោក ដែលធ្វើប្រតិបត្តិការប្រកបដោយសុចរិតភាព។

លោកក៏បានបន្តថា៖ យើងកំពុងបន្តវិនិយោគយ៉ាងច្រើន នៅក្នុងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព រួមទាំងការបន្តបញ្ជាក់តាមរយៈការធ្វើសវនកម្មសុវត្ថិភាពប្រតិបត្តិការអន្តរជាតិ (IOSA) ដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ផងដែរ។ មួយវិញទៀត លោកបានបន្តថា វាជាស្តង់ដារសកលសម្រាប់រក្សាស្តង់ដាសុវត្ថិភាពខ្ពស់បំផុតគ្រប់ពេលវេលា។

ជាមួយគ្នានោះ ទីភ្នាក់ងារវាយតម្លៃផលិតផល និងសុវត្ថិភាពអាកាសចរណ៍តែមួយគត់របស់ពិភពលោកកាលពីថ្ងៃពុធ បានប្រកាសអំពីក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបបំផុតទាំង២០ ដែលមានសុវត្ថិភាពបំផុតសម្រាប់ឆ្នាំ២០២៤ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ចំនួន៣៨៥ ដែលខ្លួនបានត្រួតពិនិត្យ។

ក្នុងនោះផងដែរ ដើម្បីចម្រាញ់ក្រុមហ៊ុនទាំង២០ ដែលមានសុវត្ថិភាពបំផុតនោះ ត្រូវមានលក្ខណៈវិនិច្ឆ័យដូចជា កំណត់ត្រាឧប្បត្តិហេតុ អាយុយន្តហោះ លទ្ធផលនៃការធ្វើសវនកម្មដែលធ្វើឡើងដោយស្ថាប័នគ្រប់គ្រងអាកាសចរណ៍ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ក៏ដូចជាបញ្ជីហាមឃាត់របស់សហភាពអឺរ៉ុបផងដែរ។

បន្ថែមពីនោះ និពន្ធនាយក AirlineRating លោក Geoffery Thomas បាននិយាយថា ក្រុមហ៊ុនទាំងនេះបានបន្តឆ្លងកាត់ការធ្វើសវនកម្មសុវត្ថិភាពសំខាន់ៗទាំងអស់ដោយយកចិត្តទុកដាក់ ហើយការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពគួរតែត្រូវបានគេសរសើរ៕