Tesla គ្រោងប្រមូលរថយន្តនៅអាមេរិកជិត ១៣ ០០០ គ្រឿងមកវិញ ដោយសារបញ្ហាថ្ម

អន្តរជាតិ

យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក (NHTSA) បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី២២ ខែតុលាថា ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តចំនួន ១២ ៩៦៣ គ្រឿង នៅក្នុងទឹកដីសហរដ្ឋអាមេរិក ត្រលប់មកជួសជុលវិញ ដោយសារតែបញ្ហាលើថ្ម ដែលអាចនាំឲ្យរថយន្តរលត់ភ្លាមៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

និយតករបានបង្ហាញឲ្យដឹងទៀតថា បញ្ហានេះគឺបានកើតឡើងទៅលើរថយន្ត Tesla Model 3 ផលិតឆ្នាំ២០២៥ និង Model Y ឆ្នាំ២០២៦ មួយចំនួន ដែលអាចបណ្តាលឲ្យអ្នកបើកបរបាត់បង់សមត្ថភាពក្នុងការបង្កើនល្បឿនរថយន្ត ដែលនាំឲ្យមានហានិភ័យគ្រោះថ្នាក់កើតឡើង។

គួរឲ្យដឹងថា កន្លងមក Tesla ត្រូវបានទាមទារឲ្យមានការធានាចំនួន ៣៦ ករណី និងការរាយការណ៍ពីបញ្ហា ២៦ លើកផ្សេងទៀត ដែលទាក់ទងនឹងបញ្ហាថ្មខាងលើនេះ គិតត្រឹមថ្ងៃទី៧ ខែតុលា ប៉ុន្តែខាងក្រុមហ៊ុន បាននិយាយថា មិនមានរបាយការណ៍ពីការប៉ះទង្គិច ការរងរបួស ឬបាត់បង់ជីវិត នោះឡើយ។

ជម្រាបជូនថា កាលពីដើមខែនេះ ទីភ្នាក់ងារសុវត្ថិភាពរថយន្តអាមេរិក បាននិយាយថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើរថយន្ត Tesla ចំនួន ២,៨៨ លានគ្រឿង ដែលបំពាក់ដោយប្រព័ន្ធ Full Self-Driving បន្ទាប់ពីមានរបាយការណ៍ជាង ៥០ នៃការបំពានភ្លើងសញ្ញាចរាចរណ៍ និងការប៉ះទង្គិចជាបន្តបន្ទាប់៕​