ប្រធានាធិបតីឥណ្ឌូនេស៊ី ធ្វើដំណើរបំពេញទសន្សកិច្ចទៅកាន់ប្រទេសវៀតណាម

អន្តរជាតិ

ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo នៅថ្ងៃសុក្រ ទី១២ ខែមករានេះ នឹងជួបជាមួយមេដឹកនាំកំពូលរបស់ប្រទេសវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងហាណូយ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសដៃគូអាស៊ីអាគ្នេយ៍ទាំងពីរ លើសន្តិសុខនៅសមុទ្រចិនខាងត្បូង និងផ្តោតលើពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅមុនដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់លោក Widodo នេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បាននិយាយថា ប្រទេសខ្លួន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីបញ្ចប់ការពន្យារពេលជាយូរមកហើយសម្រាប់ការដោះស្រាយបញ្ហានៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងដែនផ្លូវទឹកដែលមានជម្លោះ។

ប្រទេសទាំងពីរ ធ្លាប់បានព្រមព្រៀងគ្នានៅឆ្នាំ២០២២ ដើម្បីទទួលស្គាល់ព្រំដែននៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាវិធានការមួយត្រូវបានគេមើលឃើញថាជាឆ្អឹងទទឹងករបស់ប្រទេសចិន ដែលពួកគេទាមទារស្ទើរតែគ្រប់ផ្លូវពាណិជ្ជកម្មយុទ្ធសាស្ត្រទាំងមូល នៅក្នុងតំបន់នោះ។

គួរឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Widodo ទៅកាន់ទីក្រុងហាណូយនេះ គឺជាផ្នែកមួយនៃដំណើរទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដ៏ធំមួយ ដែលរួមបញ្ចូលទាំងការធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន និងដំណើរទស្សនកិច្ចដែលរំពឹងទុកទៅកាន់ប្រ៊ុយណេ នៅចុងសប្តាហ៍នេះ មុនពេលមានការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌូនេស៊ីនាខែក្រោយ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករាថា មេដឹកនាំវៀតណាម ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយលោក Widodo អំពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ និងកសិកម្ម ផងដែរ។

ជម្រាបជូនផងដែរថា ចាប់តាំងពីឆ្នាំ២០២២ មក វៀតណាម បានបន្តយុទ្ធសាស្ត្រជំរុញទំនាក់ទំនងជាមួយប្រទេសមហាអំណាច និងដៃគូនានា ហើយគេរំពឹងទៀតថារដ្ឋាភិបាលទីក្រុងហាណូយ នឹងបន្តស្វែងរកទំនាក់ទំនងកាន់តែរឹងមាំ ជាមួយឥណ្ឌូនេស៊ីបន្ថែមផងដែរ៕