កាណាដាជំរុញឲ្យចិនឈប់ជួយរុស្ស៊ី និងគួរតែដើរតួនាទីរក្សាសន្តិសុខនៅសមុទ្រក្រហម

អន្តរជាតិ

កាលពីថ្ងៃទី១៨ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly បានលើកឡើងថា ប្រទេសចិនគួរតែដើរតួនាទីជាអ្នករក្សាសុវត្ថិភាពដល់នាវាពាណិជ្ជកម្ម ដែលធ្វើដំណើរតាមសមុទ្រក្រហម ព្រមទាំងជំរុញឲ្យទីក្រុងប៉េកាំងឈប់ជួយរុស្ស៊ី ដើម្បីជៀសចេញពីទណ្ឌកម្មអន្តរជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសន៍មួយលោកស្រី Joly បាននិយាយថា លោកស្រីធ្លាប់បានប្រាប់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ម្តងដែរនៅក្នុងកិច្ចប្រជុំទ្វេភាគីមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ទីក្រុងប៉េកាំងត្រូវតែមានឥទ្ធិពលលើក្រុមហ៊ូទី ដើម្បីរក្សាសមុទ្រក្រហមឲ្យនៅបើកចំហ។ ម្យ៉ាងវិញទៀត លោកស្រីក៏បាននិយាយទាក់ទងទៅនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនដែរថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងទៅនឹងប្រទេសរុស្ស៊ីបានធ្វើឡើងជាច្រើនមកហើយ ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើមឆាបឆេះមកម្លេះ ហើយយើងត្រូវតែដាក់សម្ពាធជាអតិបរិមាចំពោះប្រទេសរុស្ស៊ី។ ទណ្ឌកម្មរបស់ពួកយើងធ្ងន់ធ្ងរដែរ ក៏ប៉ុន្តែចិនបែរជាមិនចូលរួម បង្កជាចន្លោះប្រហោងក្នុងប្រព័ន្ធទណ្ឌកម្មរបស់យើងទៅវិញ។

សូមជម្រាបបន្ថែមថា ក្រុមហ៊ូទី ដែលមានសម្ព័ន្ធមិត្តជាមួយប្រទេសយេម៉ែននោះ បានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើនាវាពាណិជ្ជកម្ម រួមទាំងនាវាដឹកប្រេង M/T Pollux ដែលក្រុមនេះបានវាយប្រហារដោយមីស៊ីលកាលពីពេលថ្មីៗ។ ការវាយប្រហារពីសំណាក់ក្រុមហ៊ូទី បានបង្កឲ្យតម្លៃនៃការដឹកជញ្ជូន ព្រមទាំងសេវាធានារ៉ាប់រងមានការឡើងថ្លៃ ហើយវាក៏បានបង្អាក់ផ្លូវពាណិជ្ជកម្មដ៏សំខាន់រវាងអាស៊ី និងអឺរ៉ុប ដែលត្រូវបានប្រទេសចិន ក៏ដូចជាបណ្តាប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត ប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការដឹកជញ្ជូនទំនិញ។ ជាមួយគ្នានោះ សហរដ្ឋអាមេរិក និងអង់គ្លេស ក៏បានអំពាវនាវជំរុញឲ្យចិនធ្វើអន្តរាគមន៍តាមរយៈប្រទេសអ៊ីរ៉ង់ ដើម្បីទប់ទល់នឹងការវាយប្រហារនេះផងដែរ។

មួយវិញទៀត ប្រទេសចិនបានធ្វើប្រតិបត្តិការទិញប្រេងឆៅពីប្រទេសរុស្ស៊ីយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីឆ្នាំមុន ពោលប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានជំទាស់ទៅនឹងទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់ទៅកាន់រដ្ឋបាលលោកពូទីន។ តែយ៉ាងណា ដើម្បីជៀសវាងការបំពានលើទណ្ឌកម្មរបស់លោកខាងលិច ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិន បានប្រើប្រាស់ឈ្មួញអន្តរការី ដើម្បីដោះស្រាយការដឹកជញ្ជូន និងការធានារ៉ាប់រងប្រេងឆៅរុស្ស៊ី៕