ស្ថាបនិក Amazon កើបលុយជាង ៨ពាន់លានដុល្លារ ពីការលក់ភាគហ៊ុន ៥០លានហ៊ុន

អន្តរជាតិ

ថ្មីៗនេះ មហាសេដ្ឋីអាមេរិក លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានលក់ភាគហ៊ុន​ចំនួន ១៤លានហ៊ុន ដែលជាកិច្ចបង្ហើយនៃផែនការលក់ភាគហ៊ុនឲ្យបានចំនួន ៥០លានហ៊ុន នៅក្នុងខែកុម្ភៈ ហើយសរុបទឹកប្រាក់ដែលលោកទទួលបានគឺមានរហូតដល់ទៅ ៨,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសលក់ភាគហ៊ុនដ៏សំបើមរបស់មហាសេដ្ឋីអាមេរិករូបនេះ គឺជាលើកដំបូងតាំងពីឆ្នាំ២០២១ ពោលរយៈពេលជាង ៣ឆ្នាំនេះ លោកទើបនឹងចាប់ផ្ដើម​លក់ភាគហ៊ុនទ្រង់ទ្រាយធំប៉ុណ្ណោះ។

ជាមួយគ្នា ការលក់ភាគហ៊ុនដ៏ប្រញាប់ប្រញាល់មួយនេះ គឺកើតឡើងចំពេលលោកប្រកាស ផ្លាស់ប្ដូរទីលំនៅពីទីក្រុង Seattle រដ្ឋ Washington ទៅកាន់ទីក្រុង Miami រដ្ឋ Florida វិញ ដែលត្រូវមានការចំណាយរាប់សិបលានដុល្លារ សម្រាប់ការផ្លាស់ប្ដូរលំនៅឋានរបស់លោក។

យ៉ាងណា ស្ថាបនិក Amazon ក៏នៅតែទទួលបានផលចំណេញពីការផ្ទេរលំនៅឋានផងដែរ ពោលអាជ្ញាធររដ្ឋ Washington បានប្រកាសចេញច្បាប់ថ្មី ទារពន្ធបន្ថែម ៧% លើប្រាក់ចំណូល ខណៈនៅរដ្ឋ Florida គឺមិនមានច្បាប់នេះឡើយ ហើយវាក៏មានន័យថា Jeff Bezos អាចសល់លុយ​ខ្ទង់រយលានដុល្លារ ពីការរើផ្ទះទៅរស់នៅរដ្ឋថ្មី ដោយមិនចាំបាច់បង់ពន្ធបន្ថែម ៧% ដូចនៅរដ្ឋ Washington ឡើយ៕