ម៉ាឡេស៊ី រំពឹងខ្ពស់ថាសេដ្ឋកិច្ចឌីជីថលនឹងរួមចំណែកជាង ២៥% ដល់សេដ្ឋកិច្ចទាំងមូល

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងឌីជីថល លោក Gobind Singh Deo បាននិយាយថា វិស័យសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានរំពឹងទុកខ្ពស់ថាអាចនឹងបង្កើតបាន ២៥,៥% ដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៥ ខាងមុខ ខណ:បច្ចុប្បន្នវិស័យនេះ បានរួមចំណែក ២៣,៣% រួចទៅហើយដល់ GDP ទាំងមូលរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីប្រកាសមួយដែលធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភ:កន្លងទៅ រដ្ឋមន្ត្រីរូបនេះ បាននិយាយថា ​ប្រទេសម៉ាឡេស៊ី កំពុងព្យាយាមលើកទឹកចិត្តប្រជាជនឲ្យចូលរួមក្នុងប្រព័ន្ធអេកូសេដ្ឋកិច្ចឌីជីថលបន្ថែមទៀត ព្រោះថានេះជាអ្វីដែលអាចជួយឲ្យវិស័យដ៏សំខាន់នេះដំណើរការទៅមុខ ស្របពេលហេដ្ឋរចនាសម្ព័ន្ធ និងការតភ្ជាប់ក៏ជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស ផងដែរ។

គួរឲ្យដឹងថារដ្ឋាភិបាល បានបង្កើត Malaysia Digital Economy Cooperation (MDEC) ដែលជាអង្គភាពពិសេសមួយមានឯកទេសក្នុងការស្រាវជ្រាវ រចនាកម្មវិធី និងបង្កើតកម្មវិធី ក៏ដូចជារៀបចំកម្មវិធីដើម្បីលើកកម្ពស់វប្បធម៌ឌីជីថលសម្រាប់សហគមន៍ រួមទាំងសហគ្រាសខ្នាតតូច និងមធ្យម។

ជម្រាបជូនផងដែរថា MDEC បានបណ្តុះបណ្តាលសហគ្រិនជាង ៥៦០ ០០០ នាក់នៅទូទាំងប្រទេសតាមរយៈប្រព័ន្ធឌីជីថល eUsahawan និងបានបង្កើតការលក់សរុបជាង ១,២៤ពាន់លានរីហ្គីត (ប្រហែល ២៥៩លានដុល្លារ) ចាប់តាំងពីវាត្រូវបានអនុវត្តក្នុងឆ្នាំ២០១៥ មក៕