មកដឹងរឿងរ៉ាវមួយចំនួន នៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី BYD

អន្តរជាតិ

ខណ:ពេលដែល BYD ឥឡូវនេះ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាក្រុមហ៊ុនរថយន្តអគ្គិសនីលំដាប់កំពូលរបស់ពិភពលោក មានហេតុផលធំៗមួយចំនួនដែលនៅពីក្រោយភាគជោគជ័យរបស់ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ ដោយគិតពីការចាប់ផ្តើមអាជីវកម្មដំបូងរាប់ចាប់តាំងពីការជីកយករ៉ែ រហូតលដល់ការផលិតអាគុយ ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន BYD ត្រូវបានបង្កើតឡើងជាលើកដំបូងដោយអ្នកគីមីវិទ្យាម្នាក់ ឈ្មោះថា Wang Chuanfu នៅក្នុងឆ្នាំ ១៩៩៥ នៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេស។ ហើយក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយមានបុគ្គលិកត្រឹមតែ ២០ នាក់ប៉ុណ្ណោះ និងដើមទុនដំបូងចំនួន ២,៥លានយ៉ន់ ឬស្នើនឹងប្រមាណជាង ៣៥០ ០០០ដុល្លារ បើគិតក្នុងអត្រាប្តូរប្រាក់នាពេលបច្ចុប្បន្ន។

មុនទៅដឹងពីរឿងរ៉ាវនៅពីក្រោយភាពជោគជ័យរបស់ BYD យើងក្រឡេកមកមើលពីជីវប្រវត្តិរបស់ស្ថាបនិកក្រុមហ៊ុនបន្តិចសិន គឺលោក Wang Chuanfu ដែលបានកើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៦៦ នៅទីក្រុង Wuwei ខេត្ត Anhui ប្រទេសចិន។ លោក Wang កើតចេញពីគ្រួសារកសិករក្រីក្រមួយ ដោយម្តាយ ឪពុករបស់លោក បានទទួលមរណភាពទាំងដែលគាត់នៅវ័យក្មេងមកម្លេះ។

ទោះបីជាមានបញ្ហាហិរញ្ញវត្ថុក្តីប៉ុន្តែលោក Wang នៅតែតស៊ូសិក្សារហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគីមីវិទ្យានៅសាលា BNFR (Beijing Non-Ferrous Research) និងផ្តោតទៅលើការស្រាវជ្រាវពីបច្ចេកវិទ្យាអាគុយ។ ហើយដោយមានចំណេះដឹងខ្ពស់ចំពោះផ្នែកនេះ ក្នុងវ័យត្រឹម ២០ឆ្នាំ លោក Wang បានចូលបម្រើការដំបូងក្នុងក្រុមហ៊ុន Big Battery Co. Ltd. ក្នុងទីក្រុង Shenzhen ប្រទេសចិន និងបានឡើងដំណែងជាអ្នកគ្រប់គ្រងទូទៅ។ មិនយូរប៉ុន្មាន លោក Wang ក៏បានសម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនតែម្តង។

ចូលមកដល់ចំណុចហើយ ដែលក្រុមហ៊ុន BYD បានលេចរូបរាងឡើង ដោយនៅឆ្នាំ១៩៩៦ ក្រុមហ៊ុននេះ បានចាប់ផ្តើមផលិតថ្មលីចូម-អ៊ីយ៉ុង ដំបូង ដែលជាប្រភេទថ្មបំពាក់នៅក្នុងទូរស័ព្ទដៃទំនើបៗនាពេលបច្ចុប្បន្ន។ ពេលនោះក្រុមហ៊ុន BYD ចាប់ផ្តើមទទួលបានភាពជោគជ័យខ្លាំងស្របពេលកំណើនទូរស័ព្ទដៃទំនើបក៏កើនឡើង ដោយពួកគេបានទទួលសិទ្ធផ្គត់ផ្គង់ថ្មរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនធំៗដូចជា Motorola និង Nokia ។

លុះដល់ឆ្នាំ២០០២ ក្រុមហ៊ុន BYD បានចុះបញ្ជីដំបូងនៅក្នុងផ្សារហ៊ុនហុងកុង ជាមួយនឹងភាពជោគជ័យដ៏ធំសម្បើមរបស់ខ្លួន នៅក្នុងការផលិតថ្មលីចូម-អ៊ីយ៉ុង។ ខណ:ពេលដែលកំណើនចេះតែបន្ត រហូតធ្វើឲ្យ BYD សម្រេចចិត្តទិញយកក្រុមហ៊ុនផលិតរថយន្តខ្នាតតូចមួយ ដែលមានឈ្មោះថា Xi’an Qinchuan Automobile ។

នៅពីរឆ្នាំក្រោយមក ក្រុមហ៊ុន BYD បានដាក់ចេញលក់រថយន្តដំបូងរបស់ខ្លួន មានឈ្មោះថា F3 ដែលដើរដោយថាមពលឥន្ធន:នៅឡើយ។ ហើយក្រោយមកទៀត លុះដល់ឆ្នាំ២០០៨ ក្រុមហ៊ុន ក៏បានបើកបញ្ចេញម៉ូដែលថ្មីមួយទៀតមានឈ្មោះថា F3DM ដែលជារថយន្តដើរដោយថាមពលអគ្គិសនីលើកដំបូងរបស់ខ្លួន។

ដោយបានមើលឃើញពីភាពរីកចម្រើនបែបនេះ នៅឆ្នាំដដែលនោះ ក្រុមហ៊ុនវិនិយោគលំដាប់កំពូលរបស់សហរដ្ឋអាមេរិក Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានសម្រេចចិត្តមកបោះទុនចូលរួមក្នុងការវិនិយោគចំនួន ២៣០លានដុល្លារនៅក្នុងក្រុមហ៊ុន BYD ដែលនេះបានផ្តល់ការជំរុញបន្ថែមទៀតដល់ចំពោះមហិច្ឆតាក្នុងការផលិតរថយន្តអគ្គិសនីទាំងស្រុងរបស់ BYD ។

ក្រោយមកទៀត BYD នៅតែបន្តអភិវឌ្ឍបន្ថែមទៅលើការផលិតរថយន្ត EV របស់ខ្លួន ហើយប្រវត្តិសាស្រ្តក៏បានចាប់ផ្តើមឡើង នៅពេលដែលក្រុមហ៊ុនបានដាក់ឲ្យដំណើរការអាគុយ Blade ប្រភេទថ្មី ដែលមានទំហំតូច និងមានថាមពលខ្លាំង នៅក្នុងឆ្នាំ២០២០។

ការដាក់ចេញអាគុយប្រភេទថ្មីនេះហើយ បានធ្វើឲ្យ BYD ក្លាយជាក្រុមហ៊ុនគូប្រជែងដ៏ធំមួយ សម្រាប់បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ពិភពលោកផ្សេងទៀត ជាពិសេសក្រុមហ៊ុន Tesla ដោយនៅក្នុងឆ្នាំ២០២០ ដដែលនោះ BYD បានលក់រថយន្តអគ្គិសនីរបស់ខ្លួនសរុបដល់ទៅ ១៣០ ៩៧០ គ្រឿងឯណោះ។
មិនទាន់បញ្ចប់ត្រឹមនេះនោះឡើយ ភាពជោគជ័យដ៏ធំរបស់ BYD បានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំ ២០២២ នៅពេលដែលការលក់របស់ខ្លួន បានវ៉ាដាច់ក្រុមហ៊ុន Tesla ដោយត្រឹមតែរយ:ពេលប្រាំមួយខែដំបូងឆ្នាំនោះ ពួកគេបានលក់រថយន្តអគ្គិសនីបានជាង ៦៤១ ០០០ គ្រឿង ដែលនេះបានធ្វើឲ្យ BYD Auto ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក។

ជម្រាបជូនផងដែរថា គិតមកដល់នឹងពេលនេះ តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន BYD ត្រូវបានគេព្យាករថាមានចំនួនរហូតដល់ទៅ ១១៤ពាន់លានដុល្លារឯណោះ៕