ការលក់អចលនទ្រព្យក្នុងប្រទេសចិន បន្តធ្លាក់ចុះ ១០ខែជាប់ៗគ្នា គិតត្រឹមខែកុម្ភ:

អន្តរជាតិ

ការលក់អចលនទ្រព្យនៅក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍មកថា បានបន្តធ្លាក់ចុះក្នុងរយ:ពេល ១០ខែជាប់ៗគ្នា គិតត្រឹមខែកុម្ភ: ឆ្នាំ២០២៤ នេះ ដោយសារតែមានតម្រូវការទាប ស្របពេលអតិថិជន នៅតែមានភាពភ័យខ្លាចថាវិស័យនេះនៅតែបន្តធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AsiaFinancial។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកអភិវឌ្ឍអចលនទ្រព្យកំពូលៗទាំង ១០០ របស់ប្រទេសចិន បានមើលឃើញថាការលក់របស់ពួកគេធ្លាក់ចុះមកនៅត្រឹម ១៨៥,៧ពាន់លានយ៉ន់ (២៥,៨ពាន់លានដុល្លារ) ប៉ុណ្ណោះ ក្នុងអំឡុងខែកុម្ភ: ដែលជាការធ្លាក់ចុះជាង ៦០% បើធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ South China Morning Post ដែលបានដកស្រង់ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ China Real Estate Information Corp (CRIC)។

គួរឲ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍដែលគាំទ្រដោយរដ្ឋាភិបាលដូចជា Poly Developments និង China Vanke បានមើលឃើញការលក់របស់ខ្លួនធ្លាក់ចុះជាង ៥០% ក្នុងអំឡុងខែកុម្ភ: ខណៈដែល Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍឯកជនកំពូលមួយ បានឃើញពីការធ្លាក់ចុះដល់ ៧៨% ស្របពេលក្រុមហ៊ុន Longfor Group ក៏បានទទួលរងនូវការធ្លាក់ពីការលក់ ៥៥% ផងដែរ។

ជម្រាបជូនផងដែរថា ខណ:ពេលដែលរដ្ឋាភិបាលនៅក្នុងតំបន់ កំពុងព្យាយាមបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់អ្នកទិញផ្ទះក៏ដោយ ប៉ុន្តែវានៅតែមានអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ស្របពេលទំនុកចិត្តក្នុងចំណោមអ្នកទិញផ្ទះ នៅតែមានភាពមិនប្រាកដប្រជា៕