មហាសេដ្ឋីជនជាតិចិនម្នាក់ សារភាពទោសចំពោះការបរិច្ចាគលុយខុសច្បាប់ ក្នុងការបោះឆ្នោតនៅអាមេរិក

អន្តរជាតិ

មហាសេដ្ឋីជនជាតិចិនម្នាក់ បានធ្វើការសារភាពទោសកំហុសរបស់ខ្លួន កាលពីថ្ងៃចន្ទ ទី១៨ ខែមីនាកន្លងទៅ ចំពោះការបំពានច្បាប់លើការបោះឆ្នោត ជុំវិញការបរិច្ចាគដោយខុសច្បាប់ទៅកាន់មន្រ្តីទីក្រុងញូវយ៉ក និងបេក្ខភាពសមាជិកសភាអាមេរិកពីររូបផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Hui Qin ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីរកស៊ីលើវិស័យភាពយន្តចិន និងបច្ចុប្បន្នមានផ្ទះនៅរដ្ឋ Manhattan និង Long Island ក្នុងទឹកដីសហរដ្ឋអាមេរិក បានធ្វើការសារភាពថាបានប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក និងផ្តល់ការបរិច្ចាគដោយប្រយោលផ្សេងទៀត នៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសមេដឹកនាំ នៅទីក្រុងញូវយ៉ក កាលពីក្នុងឆ្នាំ២០២១ មក។

ជុំវិញឯកសារមួយរបស់តុលាការដែលត្រូវបានដាក់បង្ហាញ កាលពីថ្ងៃចន្ទ ដោយរដ្ឋអាជ្ញាសហព័ន្ធ នៅទីក្រុង Brooklyn មិនបានកំណត់អត្តសញ្ញាណរបស់បេក្ខភាពឈរឈ្មោះបោះឆ្នោតណាមួយ ដែលត្រូវបានគាំទ្រដោយ លោក Qin នោះឡើយ ប៉ុន្តែវាត្រូវបានគេដឹងថា មានការបោះឆ្នោតនៅតាមសង្កាត់តូចៗមួយចំនួន ក្នុងទីក្រុងញូវយ៉ក នៅឆ្នាំនោះ រួមទាំងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងផងដែរ។

គួរឲ្យដឹងផងដែរថា នៅក្រោមច្បាប់ហិរញ្ញវត្ថុសម្រាប់យុទ្ធនាការបោះឆ្នោតប្រចាំទីក្រុង អ្នកដែលរស់នៅជាអចិន្ត្រៃយ៍ស្របច្បាប់ដូចជាលោក Qin អាចរួមចំណែកដល់ការបរិច្ចាគក្នុងការបោះឆ្នោតនៅក្នុងតំបន់បាន ដោយត្រូវបានកំណត់ក្នុងចំនួនទឹកប្រាក់បរិច្ចាគបានត្រឹមតែ ២ ១០០ដុល្លារប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ យោងតាមកំណត់ត្រាហិរញ្ញវត្ថុនៃការបោះឆ្នោតនោះ បង្ហាញឲ្យដឹងថាលោក Qin បានបរិច្ចាគលុយត្រឹម ២ ០០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែ ៩ខែក្រោយមក រដ្ឋអាជ្ញាសហព័ន្ធ បាននិយាយថា លោក Qin បានចាប់ផ្តើមស្វែករកបុគ្គលផ្សេងៗទៀត ដើម្បីបរិច្ចាគលុយជំនួសលោក នៅក្នុងចំនួនសរុបដល់ទៅ ១០ ០០០ដុល្លារឯណោះ។

ជម្រាបជូនផងដែរថា ក្រៅពីការសារភាពជុំវិញសំណុំរឿងខាងលើ លោក​ Qin ក៏បានសារភាពទៀតថា លោកបានក្លែងបន្លំការដាក់ពាក្យស្នើសុំស្នាក់នៅអចិន្ត្រៃយ៍ក្នុងទឹកដីសហរដ្ឋអាមេរិក នៅឆ្នាំ២០១៩ ដោយអះអាងថាមិនបានប្រើប្រាស់ឈ្មោះពិតប្រាកដនោះឡើយ៕