អាមេរិក និងអង់គ្លេស ចោទចិនថាបានលួចទិន្នន័យប្រជាពលរដ្ឋរបស់ខ្លួន

អន្តរជាតិ

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការចោទប្រកាន់ទៅកាន់ពួក Hacker ដែលគាំទ្រពីក្រោយដោយរដ្ឋាភិបាលលោក ស៊ី ជិនពីង ថាបានវាយប្រហារទិន្នន័យកុំព្យូទ័ររបស់ប្រជាពលរដ្ឋជាច្រើននាក់ រួមទាំងអ្នកនយោបាយ ក្រុមហ៊ុន ព្រមទាំងអ្នកប្រឆាំងអស់ជាច្រើនឆ្នាំ និងចោទប្រកាន់ទៀតថា បានលួចទិន្នន័យអ្នកបោះឆ្នោតរបស់អង់គ្លេសថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីអាមេរិកម្នាក់បាននិយាយថា ជនជាតិចិនចំនួនប្រាំពីរនាក់បានធ្វើការកំណត់គោលដៅចូលប្រើប្រាស់ទិន្នន័យកុំព្យូទ័ររបស់សមាជិកសភា ព្រមទាំងមន្ត្រីដែលធ្វើការនៅសេតវិមាន និងទីភ្នាក់ងារនានា រួមទាំងក្រសួងយុត្តិធម៌ ក៏ដូចជាបេក្ខជន បុគ្គលិកយុទ្ធនាការ និងក្រុមហ៊ុនរបស់អាមេរិកផងដែរ។ ម្យ៉ាងវិញទៀតពួក Hacker ដែលស្គាល់ថាជាក្រុម APT31 នោះត្រូវបានចោទប្រកាន់ពីបទសមគំនិតចូលទៅលួចទិន្នន័យអ្នកប្រើប្រាស់តាមរយៈកុំព្យូទ័រ និងសមគំនិតប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណេត។

ក្នុងនោះ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងទៅនឹងក្រុមហ៊ុន Wuhan Xiaoruizhi Science and Technology ដោយចោទក្រុមហ៊ុនមួយនេះថា បានជួយបិទបាំងពួក Hacker គំនិតអាក្រក់ឲ្យធ្វើការនៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ ចក្រភពអង់គ្លេសក៏បានចោទប្រកាន់ចិនផងដែរ ពីការចូលទៅយកព័ត៌មានលម្អិតរបស់អ្នកបោះឆ្នោតប្រមាណ ៤០លាននាក់ ដែលគ្រប់គ្រងដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត នេះបើយោងតាមឧបនាយករដ្ឋមន្ត្រីអង់គ្លេសលោក អូ​លី​វឺ ដូ​ដេ​ន (Oliver Dowden) ។

ផ្ទុយមកវិញ ប្រទេសចិនក៏បានចេញមុខជំទាស់ទៅនឹងការអះអាងនេះ ដោយមន្ត្រីរបស់ក្រសួងការបរទេសនៅទីក្រុងប៉េកាំង បានហៅការចោទប្រកាន់របស់ចក្រភាពអង់គ្លេសថា ជាព័ត៌មានមិនពិត ខណៈដែលអ្នកនាំពាក្យរបស់ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីតោន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកសន្និដ្ឋានដោយគ្មានហេតុផល និងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។

គួរជម្រាបថា កាលពីខែមករា FBI ក៏ទើបតែបានបំបែកហេដ្ឋារចនាសម្ព័ន្ធកូដរបស់ក្រុម Volt Typhoon ម្តងរួចមកហើយដែរ ខណៈកាលពីខែតុលាឆ្នាំមុន មន្ត្រីសន្តិសុខរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា ក៏បានជូនដំណឹងអំពីការលួចចូលប្រើប្រាស់ និងអំពើចារកម្មរបស់ចិនថែមទៀត លើសពីនោះនៅឆ្នាំ២០១៥ អ្នកស្រាវជ្រាវសន្តិសុខបានសង្ស័យថា ទីក្រុងប៉េកាំងគឺជាអ្នកនៅពីក្រោយ ពាក់ព័ន្ធការលួចកំណត់ត្រាសន្តិសុខរបស់សហរដ្ឋអាមេរិកជាង ២២លាននាក់៕