ឥណ្ឌូណេស៊ី នឹងធ្វើការរឹតបន្តឹងទៅលើការនាំចូលគ្រឿងអេឡិចត្រូនិកមួយចំនួន​

អន្តរជាតិ

យោងតាមក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី បានចេញបទប្បញ្ញត្តិថ្មីមួយស្តីពីការរឹតបន្តឹងទៅលើការនាំចូលចំពោះទំនិញអេឡិចត្រូនិកចំនួន រួមទាំងម៉ាស៊ីនត្រជាក់ ទូទឹកកក និងកុំព្យូទ័រយួរដៃ ដែលជាផែនការមួយក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការវិនិយោគក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញចំណាត់ការថ្មីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីច្បាប់មួយត្រូវបានដាក់ចេញដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី កាលពីឆ្នាំមុន ក្នុងការរឹតបន្តឹង និងត្រួតពិនិត្យទៅលើទំនិញនាំចូលជាច្រើនមុខ រាប់ចាប់តាំងពីគ្រឿងផ្សំក្នុងម្ហូបអាហារ គ្រឿងអេឡិចត្រូនិក រហូតដល់សារធាតុគីមី។

ទន្ទឹមនឹងនេះ អាជ្ញាធរបាននិយាយថាច្បាប់រឹតបន្តឹងនេះត្រូវបានស្នើឡើងតាំងពីថ្ងៃទី១ ខែកុម្ភៈមកម្លេះ ប៉ុន្តែទើបតែនឹងត្រូវប្រកាសជាចេញជាផ្លូវការ ដើម្បីជាការឆ្លើយតបទៅនឹងការត្អូញត្អែរពីសំណាក់សមាគមអាជីវកម្ម អំពីផលប៉ះពាល់លើទីផ្សារក្នុងស្រុក ដោយសារតែលំហូរចូលនៃទំនិញនាំចូលជាច្រើន។

មិនតែប៉ុណ្ណោះ លោក Priyadi Arie Nugroho រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ចំពោះបទប្បញ្ញត្តិថ្មីនេះមិនមានន័យថារដ្ឋាភិបាល នឹងប្រឆាំងចំពោះការនាំចូលទាំងស្រុងនោះទេ ប៉ុន្តែវាជាការរក្សាបរិយាកាសអាជីវកម្មឧស្សាហកម្មក្នុងស្រុក ជាពិសេសសម្រាប់ផលិតផលដែលត្រូវបានផលិតក្នុងស្រុកផ្ទាល់”។

ជម្រាបជូនផងដែរថា ក្នុងឆ្នាំ២០២៣ ឧស្សាហកម្មទំនិញអគ្គិសនី និងអេឡិចត្រូនិចរបស់ប្រទេសឥណ្ឌូណេស៊ី បានផលិតម៉ាស៊ីនត្រជាក់ខ្លួនឯងសរុបចំនួន ១,២ លានគ្រឿង និងមានសមត្ថភាពដំឡើងបាន ២,៧ លានគ្រឿង ប៉ុន្តែប្រទេសនេះ បាននាំចូលម៉ាស៊ីនត្រជាក់បន្ថែមរហូតដល់ ៣,៨ លានគ្រឿង កាលពីឆ្នាំមុន៕