Elon Musk ជាកំពូលមហាសេដ្ឋីមានកូនច្រើនជាងគេលើលោក

អន្តរជាតិ

មហាសេដ្ឋីអាមេរិកលោក Elon Musk អាចនិយាយបានថាជាសហគ្រិនម្នាក់ ដែលមានភាពល្បីល្បាញបំផុតនាពេលសព្វថ្ងៃ ដ្បិតអីលោកកំពុងដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅក្នុងដៃ ព្រមទាំងមានប្រាក់រាប់ពាន់លានដុល្លារ ហើយពិសេសជាងនេះទៀតនោះ លោកក៏ត្រូវបានគេដឹងថាមានកូនរហូតដល់ទៅ ១១នាក់ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមគេហទំព័រ Hollywood Life បានចុះផ្សាយថា លោក Elon Musk បានរៀបការជាមួយអ្នកនិពន្ធជនជាតិកាណាដាលោកស្រី Justin Wilson នៅក្នុងឆ្នាំ២០០០ ហើយត្រូវបានលែងលះគ្នានៅឆ្នាំ២០០៨ អំឡុងពេលនោះពួកគេមានកូនជាមួយគ្នាដល់ទៅ ៥នាក់ តែជាអកុសលកូនដំបូងរបស់អ្នកទាំងពីរ ក៏ត្រូវបានបាត់បង់ជីវិតបន្ទាប់ពីកើតបានរយៈពេល ១០សប្តាហ៍។ តែទោះបីជាយ៉ាងណានៅឆ្នាំ២០០៤ អ្នកទាំងពីរមានកូនភ្លោះចំនួនពីរនាក់ និងមានកូនភ្លោះរហូតដល់ទៅបីនាក់ថែមទៀតនៅឆ្នាំ២០០៦ ។

បន្ទាប់ពីលែងលះលោក Elon Musk ក៏បានរៀបការជាមួយតារាសម្តែងស្រី Talulah Riley ដល់ទីពីរលើកពោលអាពាហ៍ពិពាហ៍ដំបូងមានរយៈពេលចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ហើយអាពាហ៍ពិពាហ៍លើកទីពីរគឺចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ។ ថ្វីត្បិតថាបែបនេះមែន តែអ្នកទាំងពីរមិនមានកូនជាមួយនឹងគ្នានោះឡើយ។

ក្រោយមក លោកក៏មានកូនប្រុសស្រីបីនាក់បន្ថែមទៀត ជាមួយតន្ត្រីករជនជាតិកាណាដាដែលមានឈ្មោះថា Grimes ។ លើសពីនោះ លោក Elon Musk ក៏ទទួលបានកូនភ្លោះចំនួនពីរនាក់ជាលើកទីបី ជាមួយនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Neuralink អ្នកនាង Shivon Zilis ។

គួរបញ្ជាក់ថា មហាសេដ្ឋីសម្បូរមន្តស្នេហ៍រូបនេះបច្ចុបន្នមានវ័យ ៥៣ឆ្នាំ កំពុងកាន់កាប់ក្រុមហ៊ុនធំៗជាច្រើននៅក្នុងដៃ តួយ៉ាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla, ក្រុមហ៊ុន Space X និងក្រុមហ៊ុនបណ្តាញសង្គម X ជាដើម ស្របពេលទ្រព្យសម្បត្តិរបស់លោកគិតត្រឹមថ្ងៃទី១០ ខែមីនា មានរហូតដល់ទៅ ១៩៣,៣ពាន់លានដុល្លារ តាមរយៈការចុះផ្សាយពីទស្សនាវដ្តី Forbes ៕