អតីតនាយករដ្ឋមន្ត្រីវ័យក្មេងបំផុតលើលោក ប្រកាសដើរចេញពីឆាកនយោបាយ

អន្តរជាតិ

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អតីតនាយករដ្ឋមន្ត្រីហ្វាំងឡង់ អ្នកស្រី Sanna Marin បានប្រកាស​លាលែងពីតំណែងជាសមាជិកសភា បន្ទាប់ពីអតីតមេដឹកនាំវ័យក្មេងបំផុតនៅអឺរ៉ុបរូបនេះ ក៏បាន​ចុះចេញពីតំណែងជាប្រធានបក្សសង្គមប្រជាធិបតេយ្យ កាលពីសប្ដាហ៍មុនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Euronews បានបង្ហាញថា មូលហេតុដែលអតីតនាយករដ្ឋមន្ត្រីហ្វាំងឡង់ វ័យ ៣៧ឆ្នាំ បោះបង់តំណែងនៅរដ្ឋសភា ដោយសារអ្នកស្រីត្រៀមខ្លួនចូលរួមជាមួយវិទ្យាស្ថានគោលនយោបាយ Tony Blair វិញ។

អ្នកស្រី Sanna បានប្រាប់បណ្ដាញសារព័ត៌មានថា អ្នកស្រីត្រូវបានតែងតាំងជាទីប្រឹក្សាយុទ្ធសាស្ត្រ នៅវិទ្យាស្ថាន Tony Blair Institute for Global Change។

ជាចុងក្រោយ អតីតនាយករដ្ឋមន្ត្រីហ្វាំងឡង់បានថ្លែងអំណរគុណ និងលើកឡើងថា វាគឺជាកិត្តិយសដ៏ធំធេង ដែលលោកស្រីបានដឹកនាំប្រទេសរយៈពេល ៣ឆ្នាំកន្លះមកនេះ បើទោះជាពេលខ្លះលោកស្រីជួបការលំបាកប៉ុណ្ណា ប៉ុន្តែវាគឺជាបទពិសោធន៍ល្អបំផុតនៅក្នុងជីវិត។

គួររំលឹកបន្តិចថា កាលពីឆ្នាំ២០១៩ អ្នកស្រី Sanna Marin បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីហ្វាំងឡង់ ត្រឹមវ័យ ៣៤ឆ្នាំ និងបានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតលើលោក ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មេដឹកនាំមហាអំណាចនានា៕