ធនាគារអភិវឌ្ឍអន្តរជាតិធំៗ គ្រោងរួមគ្នាបញ្ចេញកម្ចី ៤០០ពាន់លានដុល្លារ សម្រាប់ជួយបណ្តាប្រទេសកំពុងអភិវឌ្ឍ

អន្តរជាតិ

ធនាគារអភិវឌ្ឍអន្តរជាតិអាមេរិក​ ហៅកាត់ IDB ថ្មីៗនេះ បានទម្លាយឲ្យដឹងថា ធនាគារអភិវឌ្ឍអន្តរជាតិចំនួន១០ របស់ពិភពលោក បានបេ្តជ្ញារួមគ្នា ក្នុងការចាត់វិធានការទៅក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងការបញ្ចេញកញ្ចប់ប្រាក់កម្ចីដែលមានចំនួនរហូតដល់ទៅ ៤០០ពាន់លានដុល្លារ នៅក្នុងរយ:ពេល ១០ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:កិច្ចខិតខំប្រឹងប្រែងនេះ បានកើតឡើងចំពេលដែលមានការអំពាវនាវកាន់តែខ្លាំងឡើង សម្រាប់ស្ថាប័នហិរញ្ញវត្ថុធំៗទាំងនេះ ក្នុងការជំរុញដល់ការផ្តល់ហិរញ្ញប្បទាន ក្រោមលក្ខខណ្ឌអំណោយផល ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍដែលបានប្រឈមមុខទៅនឹងបញ្ហាកាន់តែខ្លាំងឡើង ដោយសារតែការផ្លាស់ប្តូរអាកាសធាតុ និងការរងផលប៉ះពាល់ដោយសារបរិយាកាសនៃអត្រាការប្រាក់សកលកាន់តែខ្ពស់។

ជុំវិញផែនការថ្មីនេះ លោក Ilan Goldfajn ប្រធាន IDB បាននិយាយថា តាមរយ:ការរួបរួមគ្នារបស់ធនាគារអភិវឌ្ឍធំៗទាំងនេះ យើងនឹងអាចសម្រេចបានលទ្ធផលកាន់តែល្អ និងកាន់តែធំជាងមុន ។

គួរឲ្យដឹងផងដែរថា នៅខាងក្រៅកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗទាំងនេះ បានព្រមព្រៀងគ្នា ក្នុងការបោះជំហានជាធ្លុងមួយ និងធ្វើការជាប្រព័ន្ធឲ្យកាន់តែមានប្រសិទ្ធភាព។

ជម្រាបជូនទៀតផងដែរថា ធនាគារអភិវឌ្ឍអន្តរជាតិធំៗទាំង ១០ ដែលមានចូលរួមនៅក្នុងផែនការផ្តល់ប្រាក់កម្ចីនេះ រួមមានទាំងធនាគារពិភពលោក ធនាគារអភិវឌ្ឍថ្មី ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ធនាគារវិនិយោគអឺរ៉ុប និងធនាគារអភិវឌ្ឍអាហ្វ្រិក៕