កំណើនសេដ្ឋកិច្ចនៃប្រទេសកូរ៉េខាងត្បូងកាលពីត្រីមាសទីមួយ គឺទទួលបានជោគជ័យធំធេង លើសពីការរំពឹងទុក ពោលគឺមានកំណើនច្រើនជាង ១,៣% ដោយសារតម្រូវការក្នុងស្រុកមានការកើនឡើង។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Xinhua ក៏បានបន្ថែមទៀតថា រយៈពេល ៣ខែដំបូងនៃឆ្នាំនេះ កូរ៉េខាងត្បូងក៏ទទួលបានការបណ្ដាក់ទុនពីបរទេស ក្នុងទំហំទឹកប្រាក់ប្រហែល ១,៤ពាន់លានដុល្លារ ដែលភាគច្រើនគឺជាការវិនិយោគលើវិស័យបច្ចេកវិទ្យា។
គួររំលឹកបន្តិចថា កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងនាត្រីមាសទីមួយនេះ គឺត្រូវបានចាត់ទុកថា ជាការកើនឡើងលឿនបំផុត ក្នុងរយៈពេល២ឆ្នាំចុងក្រោយ បើទោះបីជាបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចពិភពលោក ហាក់មានភាពស្រពិចស្រពិលក្ដី។
ជម្រាបបន្ថែមថា បច្ចុប្បន្ននេះ កូរ៉េខាងត្បូង គឺជាប់ចំណាត់ថ្នាក់ទី១៤ ជាប្រទេសមានទំហំសេដ្ឋកិច្ចធំបំផុតលើលោក ដោយមានទំហំសេដ្ឋកិច្ចប្រមាណ ១,៧២ទ្រីលានដុល្លារ ស្របពេលផលិតផលនាំចេញធំបំផុតនោះគឺគ្រឿងអេឡិចត្រូនិក និងផលិតផលនាំចូលច្រើនបំផុតគឺ ប្រេងឥន្ធនៈ៕