ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានសម្តែងការមិនពេញចិត្តចំពោះការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគៀវ ដោយបានអំពាវនាវដល់ភាគីប្រធានាធិបតីលោក វ៉ា្លឌីមៀ ពូទីន ឲ្យបញ្ឈប់ភ្លាម និងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពបឲ្យបានឆាប់រហ័ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា៖” ខ្ញុំមិនសប្បាយចិត្តទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគៀវទេ។ វាជាទង្វើមិនចាំបាច់ទាល់តែសោះ និងកើតឡើងក្នុងពេលមិនសមរម្យ។ វ៉្លាឌីមៀ បញ្ឈប់វាទៅ! ទាហានប្រមាណ ៥ ពាន់នាក់ កំពុងស្លាប់រៀបរាល់សប្តាហ៍។ ហើយប្រញាប់ធ្វើកិច្ចព្រមព្រៀងសន្តិភាពភ្លាមទៅ”។
ជុំវិញការលើកឡើងរបស់លោក ត្រាំ បែបនេះ បានកើតឡើង បន្ទាប់ពីមន្ត្រីអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារប្រទេសខ្លួន ដោយកាំជ្រួចចំនួន ៧០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១៤៥ គ្រឿង (UAVs) ដែលភាគច្រើនសំដៅទៅលើរដ្ឋធានីគៀវតែម្តង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងរបួស ៩០ នាក់។
យ៉ាងណាមិញ ជុំវិញការវាយឆ្មក់នេះបានធ្វើឲ្យកាន់តែមានការសង្ស័យបន្ថែមទៀត លើកិច្ចចរចាសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងបញ្ចប់ការប្រយុទ្ធគ្នា។ សេតវិមានបានព្រមានថា ខ្លួននឹងបោះបង់ចោលតួនាទីជាអ្នកសម្រុះសម្រួល ប្រសិនបើទីក្រុងម៉ូស្គូ និងទីក្រុងគៀវ មិនបង្ហាញសញ្ញាច្បាស់លាស់នៃកិច្ចព្រមព្រៀងសន្តិភាពណាមួយទេនោះ។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីលោក ត្រាំ ក៏បានសម្តែងការខឹងសម្បារខ្លាំងផងដែរកាលពីថ្ងៃទី២៣ ខែមេសា បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានបញ្ជាក់ថា លោកមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបគ្រីមៀនោះឡើយ ខណ:លោក ត្រាំ បាននិយាយថា ការលើកឡើងរបស់ភាគីអ៊ុយក្រែនបែបនេះ គឺជាការបង្កគ្រោះថ្នាក់ ដល់ដំណើរការស្វែងរកកិច្ចព្រមព្រៀងសន្តិភាព៕

