អភិបាលក្រុង New York លោក Zohran Mamdani ថ្មីៗនេះមានគម្រោងចង់ស្នើសុំឲ្យស្តេចអង់គ្លេស Charles ទី៣ ប្រគល់ពេជ្រ Koh-i-Noor ទំហំជិត ១០៦ ការ៉ាត់ ដែលចក្រភពអង់គ្លេសទទួលបានក្នុងទសវត្សឆ្នាំ១៨០០ ទៅឲ្យប្រទេសឥណ្ឌាវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅមុនពេលទទួលស្វាគមន៍ស្តេច Charles ទី៣ និងម្ចាស់ក្សត្រី Camilla នៅឯពិធីរំលឹកដល់ការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ អភិបាលក្រុង New York លោក Mamdani ត្រូវបានគេសួរថា តើលោកនឹងស្នើសុំអ្វីពីប្រមុខរដ្ឋអង់គ្លេស ប្រសិនបើមានឱកាស។
យ៉ាងណាមិញ លោក Mamdani បាននិយាយថា ប្រសិនបើលោកមានឱកាសនិយាយថាមួយស្តេចអង់គ្លេស លោកនឹងស្នើសុំឲ្យព្រះអង្គប្រគល់គ្រាប់ពេជ្រ Koh-i-Noor ទៅឲ្យប្រទេសឥណ្ឌាវិញ។
គួរឲ្យដឹងថា Koh-i-Noor គឺជាពេជ្រដ៏មានតម្លៃដែលមានប្រវត្តិយូរអង្វែង ហើយត្រូវបានចាត់ទុកថាវត្ថុដ៏មានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ វាត្រូវបាននាំយកចេញពីឧបទ្វីបឥណ្ឌា ដោយអង់គ្លេសនៅសតវត្សទី១៩។ ត្បូងទម្ងន់ ១០៦ ការ៉ាត់នេះ ត្រូវបានយកដាក់នៅលើមកុដរបស់ម្ចាស់ក្សត្រីអង់គ្លេស ហើយបានក្លាយជាផ្នែកមួយនៃបណ្តុំគ្រឿងអលង្ការរបស់ខ្សែរាជវង្ស។

ប៉ុន្តែទោះជាយ៉ាងណាក ភាពជាម្ចាស់នៃត្បូងពេជ្រនេះត្រូវបានជជែកវែកញែកអស់ជាច្រើនសតវត្សមកហើយ។ ត្បូងនេះបានឆ្លងកាត់រជ្ជកាលនៃរាជវង្សអាស៊ីខាងត្បូងជាច្រើន មុនពេលស្តេចស៊ុលតង់នៃរដ្ឋ Punjab បានប្រទានវាដល់ម្ចាស់ក្សត្រី Victoria នៃចក្រភពអង់គ្លេសក្នុងឆ្នាំ១៨៤៩ ក្រោមសន្ធិសញ្ញាសន្តិភាព។
គួរជម្រាបថា ប្រទេសឥណ្ឌា បានព្យាយាមម្តងហើយម្តងទៀតដើម្បីទាមទារយកត្បូង Koh-i-Noor មកវិញ ប៉ុន្តែមិនបានជោគជ័យទេ។ ប្រទេសជាច្រើន រួមទាំងអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប៉ាគីស្ថាន ក៏ទាមទារអធិបតេយ្យភាពលើត្បូងនេះផងដែរ៕

